នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgia Meloni បានសន្យាថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក អំឡុងពេលអ្នកស្រីបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសចិន ចាប់តាំងពីបានក្លាយជាមេដឹកនាំអ៊ីតាលី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Euronews បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចមួយនេះ អ្នកស្រី Meloni បានជួបជជែកការងារ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅឯទីក្រុងប៉េកាំង និងបានចុះកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំង២។
គួររំលឹកបន្តិចថា កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសដកខ្លួនចេញពីគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ ចាប់ផ្ដើមជួបភាពរាំងស្ទះ ដោយសារមានការលូកដៃពីមហាអំណាចលោកខាងលិច។
យ៉ាងណា អំឡុងពេលបំពេញទស្សនកិច្ចលើកនេះ មេដឹកនាំប្រទេសទាំង២ បានសន្យាផ្សះផ្សារទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ ដោយបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ លើវិស័យជាច្រើនដូចជា វិស័យចំណីអាហារ វិស័យអប់រំ និងវិស័យរថយន្តអគ្គិសនី ដែលកំពុងរីកសុះសាយដូចផ្សិតទូទាំងសកលលោកជាដើម៕