អាកាសយានដ្ឋានថៃ (AOT) ប្រឈមមុខទៅនឹងការខាតបង់ទឹកប្រាក់ចំនួន ១៤៣,២លានបាត (៤លានដុល្លារ) ក្នុងមួយខែ ពីការបិទហាងលក់ទំនិញរួចពន្ធ នៅក្នុងអាកាសយានដ្ឋានប្រទេសថៃចំនួន៥ ដែលជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ជុំវិញគម្រោងនៃការបិទហាងលក់ទំនិញរួចពន្ធនៅក្នុងតំបន់អាកាសយានដ្ឋានធំៗទាំងនេះ ត្រូវបានអនុម័តដោយគណ:រដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ក្នុងគោលបំណងលើកទឹកចិត្តឲ្យភ្ញៀវទេសចរ ងាកមកចំណាយកាន់តែច្រើនមកលើហាងក្នុងស្រុកជំនួសវិញ ខណ:វិធានការនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហាតទៅ។
សម្រាប់ហាងទំនិញរួចពន្ធរបស់ AOT ដែលនឹងត្រូវបិទចោលនោះ គឺស្ថិតនៅក្នុងអាកាសយានដ្ឋានធំៗរបស់ខ្លួន ដូចជាសុវណ្ណភូមិ , ដនមឿង, ឈៀងម៉ៃ, ភូកេត និងហាតយ៉ៃ។
ជម្រាបជូនថា ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ AOT កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនបានទទួលស្គាល់ថាការបិទហាងទំនិញរួចពន្ធក្នុងអាកាសយានដ្ឋានធំៗរបស់ខ្លួនទាំងនេះ នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលប្រមាណ ៤លានដុល្លារក្នុងមួយខែៗ ដោយចំណូលទាំងនោះ ទទួលបានពីការជួលហាង និងកម្រៃលើប្រាក់ចំណេញអប្បបរមា ជាដើម៕