ក្រុមហ៊ុន Toyota ប្រកាសកើនឡើងប្រាក់ចំណេញ ១៧% ក្រោយរក្សាតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់បំផុតលើលោក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន Toyota Motor នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ បានប្រកាសពីការកើនឡើងប្រាក់ចំណេញរបស់ខ្លួន ដល់ទៅ ១៧% គិតនៅត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយថ្លៃចំណាយ និងប្រាក់យ៉េនធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកមួយនេះ បាននិយាយថាប្រាក់ចំណេញប្រតិបត្តិការ សម្រាប់រយៈពេលបីខែ គិតដល់ត្រឹមខែមិថុនា មានចំនួនសរុប ១,៣ទ្រីលានយ៉េន (៨,៧ពាន់លានដុល្លារ) បើធៀបនឹងប្រាក់ចំណេញ ១,១ទ្រីលានយ៉េន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Toyota ក៏បានរក្សាការព្យាករទុករបស់ខ្លួន សម្រាប់ប្រាក់ចំណេញពេញ ១ឆ្នាំនេះ មានចំនួនសរុបត្រឹមតែ ៤,៣ទ្រីលានយ៉េន​ ប៉ុណ្ណោះ បើធៀបនឹងចំនួន ៥,៣ទ្រីលានយ៉េន ដែលជាការព្យាកររបស់ក្រុមអ្នកវិភាគ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថា ក្រុមហ៊ុន Toyota បានប្រាកាសថា ពួកគេលក់រថយន្តបានច្រើនបំផុតទូទាំងសកលលោក ក្នុងរយៈពេលកន្លះឆ្នាំដំបូង នៃឆ្នាំ២០២៤នេះ ពោលនៅក្នុងចំនួនសរុបជាង ៥ លានគ្រឿង៕