ADB គ្រោងផ្តល់កម្ចីជិត ៥ពាន់លានដុល្លារ ដល់ហ្វីលីពីន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ នេះ

អន្តរជាតិ

ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB គ្រោងនឹងផ្តល់ប្រាក់កម្ចីចំនួន ៤,៩៨ពាន់លានដុល្លារ ដល់ប្រទេសហ្វីលីពីន សម្រាប់យកទៅប្រើប្រាស់ក្នុងគម្រោងនានា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន PhilStar។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយក ADB ប្រចាំប្រទេសហ្វីលីពីន លោក Pavit Ramachandran បាននិយាយប្រាប់ទៅកាន់សារព័ត៌មានដដែលនេះថា ៖” កម្មវិធីផ្តល់កម្ចីរបស់ ADB សម្រាប់ឆ្នាំ២០២៤ នេះ ត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួន ៤,៩៨ពាន់លានដុល្លារ”។

គួរឲ្យដឹងផងដែរថា ប្រាក់កម្ចីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) របស់ ADB ដែលនឹងត្រូវដាក់ចេញនាពេលខាងមុខ ជាមួយហ្វីលីពីន សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ដែលនឹងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់ ADB ជាមួយហ្វីលីពីន ដើម្បីសម្រេចបាននូវលទ្ធផលនៃការអភិវឌ្ឍ។

ទន្ទឹងនឹងនេះ យុទ្ធសាស្ត្រ CPS នាពេលខាងមុខ ជាមួយប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០២៤-២០២៩ នឹងផ្តោតទៅលើយុទ្ធសាស្រ្តអាទិភាពដូចជា ការពង្រឹងការអភិវឌ្ឍមនុស្ស ការជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការពង្រីកការអភិវឌ្ឍដោយផ្អែកលើធម្មជាតិ រួមទាំងភាពធន់នឹងគ្រោះមហន្តរាយ ជាដើម។

ជម្រាបជូនផងដែរថា គោលបំណងរួមនៃ CPS នាពេលខាងមុខ គឺស្របតាមផែនការរបស់ប្រទេសហ្វីលីពីន ក្នុងការក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្របពេល ADB បាននិងកំពុងជួយរដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដូចជា ភាពក្រីក្រ វិសមភាព ការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើនភាពធន់ ការកែលម្អអភិបាលកិច្ច សមត្ថភាពស្ថាប័ន និងការលើកកម្ពស់សមភាពយេនឌ័រ ផងដែរ៕