វៀតណាម-ឥណ្ឌា បេ្តជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ២០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗខាងមុខ

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា ដែលបានរៀបចំធ្វើឡើងនៅទីក្រុងញូវដេលី កាលពីពេលថ្មីៗកន្លងទៅនេះ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងឥណ្ឌាបន្ថែមទៀត និងប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យឡើងដល់ ២០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន ឥណ្ឌាមានគម្រោងវិនិយោគសរុបចំនួន ៤១០ គម្រោង ដែលមានតម្លៃសរុបជាង ១ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម ពោលគឺឈរនៅលេខរៀងទី២៥ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៦ ដែលបោះទុនមកវិនិយោគនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខណៈវៀតណាមវិញ ក៏មានគម្រោងចំនួន ១៦ នៅក្នុងប្រទេសឥណ្ឌា ផងដែរ ជាមួយមានដើមទុនសរុប ១៤លានដុល្លារ។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Chinh បានសង្កត់ធ្ងន់ទៀតថា កត្តាដែលជាមូលដ្ឋានធំសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពរវាងធុរកិច្ចនៃប្រទេសទាំងពីរនោះ គឺទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រពៃណីដ៏ល្អ។

បន្ថែមពីលើនេះ លោក Chinh បាននិយាយទៀតថា រដ្ឋាភិបាលវៀតណាម តែងតែលើកទឹកចិត្តដល់សហគ្រាសឥណ្ឌា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលឥណ្ឌាមានចំណុចខ្លាំង ហើយចំពោះវៀតណាមវិញ ក៏មានតម្រូវការ និងអាទិភាពខ្ពស់ដូចជា បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការច្នៃប្រឌិត កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឱសថ ជាដើម៕