យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា មហាសេដ្ឋី និងជាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរបូតលុយអស់ប្រហែល ៩០០លានដុល្លារ បន្ទាប់ពីអ្នកស្រី Kamala Harris ប្រកាសចូលខ្លួន មកប្រជែងតំណែងមេដឹកនាំអាមេរិក។
បន្ទាប់ពីលេចវត្តមានគូប្រជែងថ្មី ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ហាក់មានការថមថយ ដែលធ្វើឲ្យតម្លៃភាគហ៊ុននៃក្រុមហ៊ុន Trump Media and Technology Group (TMTG) មានការថយចុះដល់ ២៣% និងបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកត្រាំ ថយចុះពី ៤ពាន់លានដុល្លារ មកនៅត្រឹម ៣,១ពាន់លានដុល្លារប៉ុណ្ណោះ។
គួររំលឹកបន្តិចថា ក្រុមហ៊ុន TMTG គឺជាប្រភពចំណូលធំបំផុតមួយរបស់អតីតមេដឹកនាំអាមេរិករូបនេះ ខណៈកញ្ចប់ប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់លោក ក៏ត្រូវដកចេញពីក្រុមហ៊ុនខ្នាតយក្សមួយនេះចំណែកធំផងដែរ។
សូមជម្រាបដែរថា ចាប់តាំងពីអ្នកស្រី Kamala Harris ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជាប្រិយភាពរបស់លោក ត្រាំ ហាក់មានការថយចុះ ដ្បិតតាមរបាយការណ៍ស្រង់មតិ រៀបរៀងដោយគេហទំព័រ Reuters បានបង្ហាញ ប្រជាជនអាមេរិកប្រហែល ៥៥% បង្ហាញការគាំទ្រចំពោះអនុប្រធានាធិបតីស្រីរូបនេះ ខណៈសម្លេងគាំទ្រលោកត្រាំ បច្ចុប្បន្នទទួលបានត្រឹម ៤៥%ប៉ុណ្ណោះ៕