កូនប្រសារមហាសេដ្ឋី Bill Gates ដកខ្លួនចេញពីការប្រកួតកីឡាអូឡាំពិក

អន្តរជាតិ

កីឡាករជិះសេះឆ្នើមរបស់អេហ្ស៊ីបលោក Nayel Nassar ដែលជាកូនប្រសាររបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារលោក Bill Gates បានសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤ នៅប៉ារីស ដោយសារតែសេះរបស់លោកមានបញ្ហារបួស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Hola របស់បារាំងបានចុះផ្សាយអំពី លោក Nassar ដែលបានបង្ហោះរូបភាពមួយសន្លឹក អមដោយពាក្យពេចន៍ប្រកាសប្រាប់ទៅកាន់សាធារណៈជនថា ខ្លួនបានដកឈ្មោះចេញពីការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ ក្រោយពីសេះរបស់លោកឈ្មោះ Coronado បានរងរបួស។ លោកថា បន្ទាប់ពីឆ្លងកាត់ការពិនិត្យពីពេទ្យសត្វជាលើកដំបូងកាលពីដើមសប្តាហ៍បានយ៉ាងជោគជ័យ ជាអកុសលទៅវិញសេះ Coronado បានរងរបួសនៅថ្ងៃបន្ទាប់ គួរឲ្យសោកស្តាយណាស់ដែលយើងត្រូវបញ្ចប់ដំណើរក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកត្រឹមប៉ុននេះ។

លោក Nassar បានបន្ថែមថា ការសម្រេចចិត្តដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយក្រុមគ្រូពេទ្យ និងសហព័ន្ធកីឡារបស់អេហ្ស៊ីប ហើយយើងទាំងអស់គ្នាយល់ស្របជាមួយគ្នាថា វាជាកាតព្វកិច្ចដែលត្រូវគិតគូពីសុខភាព និងគិតគូលើការគាំព៌ារយៈពេលវែងចំពោះកាយសម្បទារបស់ Coronado ។

គួរបញ្ជាក់ថា ដោយផ្អែកទៅតាមច្បាប់នៃការប្រកួត ការផ្លាស់ប្តូរសេះមិនត្រូវបានអនុញ្ញាតនោះឡើយ រាប់ចាប់ពីការត្រួតពិនិត្យសេះជាលើកដំបូងត្រូវបានធ្វើឡើងរួចរាល់ ដូច្នេះលោក Nassar គ្មានជម្រើសអ្វីក្រៅពីដកខ្លួនចេញពីការប្រកួតតែម្តងនោះទេ ខណៈការធ្វើបែបនេះ គឺដើម្បីធានាថា សេះ Coronado អាចសម្រាកព្យាបាល និងនាំសមត្ថភាពរត់ដ៏ប៉ិនប្រសប់របស់គេមកកាន់កម្រិតកំពូលវិញ៕