ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande សម្រេចដាក់ពាក្យក្ស័យធន ក្រោមការបញ្ជារបស់តុលាការ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីចំនួនពីរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ Evergrande ត្រូវបានបញ្ជាឲ្យចូលទៅក្នុងដំណើរការនីតិវិធីក្ស័យធន ដោយតុលាការនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Evergrande បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅថា តុលាការបានចេញសេចក្តីសម្រេចឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តអគ្គិសនីទាំងពីររបស់ខ្លួន គឺ Evergrande New Energy Vehicle និង Evergrande Smart Automotive ដែលមានមូលដ្ឋាននៅខេត្ត Guangdong គួរតែដាក់ពាក្យក្ស័យធន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីមានការស្នើសុំពីម្ចាស់បំណុល។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Evergrande បានធ្លាក់ចុះ ៧% កាលពីថ្ងៃទី២៩ ខែកក្កដា នៅទីផ្សារភាគហ៊ុនរបស់ហុងកុង ខណ:ចាប់តាំងពីដើមឆ្នាំនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង ៤០% រួចមកហើយ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Evergrande New Energy Vehicle ត្រូវបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០២១ ប៉ុន្តែការលក់របស់ពួកគេ ត្រូវបានរំខានដោយក្រុមហ៊ុនមេ China Evergrande ដែលបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលគេបំផុតរបស់ពិភពលោក ជាង ៣០០ពាន់លានដុល្លារ ហើយពួកគេត្រូវបានបញ្ជាឲ្យរំលាយចោល បន្ទាប់ពីក្រុមហ៊ុនមិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញជាក់ស្តែងបាន៕