ក្រុមហ៊ុនផលិតរថយន្តហោះរបស់ប្រទេសចិន ​កៀរគរ​ទឹកប្រាក់បានជាង ១៥០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Xpeng Aeroht ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng រៃអង្គាសទឹកប្រាក់បានចំនួន ១៥០លានដុល្លារ ដើម្បីជំរុញដល់ការផលិតរថយន្តអាចហោះបានរបស់ខ្លួន និងកំពុងស្វែងរកមូលនិធិបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅ ក្រុមហ៊ុនខ្នាយក្សរបស់ចិនមួយនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបង្កើតខ្សែសង្វាក់ដំឡើងរថយន្តហោះដ៏ទំនើបដំបូងគេបង្អស់របស់ពិភពលោក នៅក្នុងតំបន់អភិវឌ្ឍខេត្តក្វាងចូវ។

រថយន្តហោះនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរពី ៤ទៅ៥ នាក់ ដោយអាចបើកបរបានដោយផ្ទាល់ និងស្វ័យប្រវត្តិ។ កៅអី​ក្នុងកាប៊ីនជាប្រភេទ Panoramic អាចមើលឃើញ ២៧០ដឺក្រេ មានកង់​ចំនួនប្រាំមួយ និង​មានសមត្ថភាព​អាចហោះឡើង និង​ចុះចត​បញ្ឈរ​ស្រដៀង​ទភនឹង​ឧទ្ធម្ភាគចក្រដែរ។

គួរឲ្យដឹងថា ការដាក់បញ្ជាទិញរថយន្តហោះនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម នៅក្នុងប្រទេសចិន ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនេះ ដោយរថយន្តនេះត្រូវបានគេដឹងថានឹងមានតម្លៃ ២សែនដុល្លារ ក្នុងមួយគ្រឿង។

ជាមួយគ្នានេះ លោក Wang Tan សហស្ថាបនិក និងជាប្រធានផ្នែករចនារបស់ Aeroht បានសម្តែងសុទិដ្ឋិនិយមអំពីបរិយាកាសអំណោយផលសម្រាប់រថយន្តហោះ ក្នុងប្រទេសចិន ដោយកត់សម្គាល់ឃើញថា តំបន់ជាច្រើន បានអនុវត្តគោលនយោបាយផ្សេងៗដើម្បីគាំទ្រដល់សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស ខណ:ក្រុមហ៊ុន ​មាន​គោល​បំណង​លក់​ចេញ​រថយន្តហោះរបស់ខ្លួនឲ្យបានចំនួន ៥ ពាន់គ្រឿង​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ៕