យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Property DNA បាននិយាយថា ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយវិនិយោគិនចិន បាននិងកំពុងសម្រុកទិញអចលនទ្រព្យសម្រាប់ដាក់ជួល និងលក់ នៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសថៃ ក្រោយមានការលេចលឺថា រដ្ឋាភិបាលថៃនឹងដាក់ចេញផែនការពិសេស ក្នុងការបង្កើនរយ:ពេលជួលសម្រាប់ជនបរទេសពី ៥០ទៅ៩៩ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
លោក Surachet Kongcheep នាយកគ្រប់គ្រងរបស់របស់ក្រុមហ៊ុន Property DNA បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ៖”ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់ប្រទេសថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ ទាំងនេះ បាននិងកំពុងប្រើប្រាស់មូលនិធិវិនិយោគពីប្រទេសចិន ដើម្បីទិញខុនដូ និងផ្ទះ នៅតាមបណ្តាទីក្រុងធំៗ ក្នុងប្រទេស” ។
ទន្ទឹមនឹងនេះ លោកបាន Surachet បន្ថែមទៀតថា៖ “ពួកគេមានគោលបំណងដាក់លក់ ឬជួលអចលនទ្រព្យទាំងនេះទៅឲ្យជនជាតិថៃដែលមានទ្រព្យសម្បត្តិ ឬជនបរទេសវិញ ជាពិសេសអ្នកដែលកំពុងស្វែងរកលំនៅឋានក្នុងទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត”។
មិនតែប៉ុណ្ណោះ Property DNA បានធ្វើការប៉ាន់ប្រមាណថា ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងនេះ បានវិនិយោគក្នុងចំនួនទឹកប្រាក់ជាង ១០០ពាន់លានបាត រួចទៅហើយ នៅទីក្រុងធំៗទាំងនេះ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ។
យោងតាមនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម បានរាយការណ៍ថា នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចិនបានវិនិយោគជាង ៣៨២ពាន់លានបាត នៅក្នុងប្រទេសថៃ ឬស្មើនឹង ៩,៤៨% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបទាំងអស់។ កត្តានេះបានធ្វើឲ្យប្រទេសចិន ស្ថិតក្នុងលំដាប់ទីបីជាប្រទេសដែលចូលមកវិនិយោគច្រើនជាងបំផុតក្នុងប្រទេសថៃ បន្ទាប់ពីជប៉ុន និងសិង្ហបុរី៕