មហាសេដ្ឋីអាមេរិក Michael Bloomberg បានប្រកាសបរិច្ចាគទឹកប្រាក់រហូតដល់ ៦០០លានដុល្លារ ទៅកាន់សាលាពេទ្យជាច្រើនកន្លែង ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់សាលាទាំងនោះ។
យោងតាមការចុះផ្សាយពីគេហទំព័រ Clutchpoints បានបង្ហាញថា សាលាដែលនឹងទទួលបានកញ្ចប់ជំនួយ ពីមហាសេដ្ឋីចិត្តបុណ្យរូបនេះរួមមាន Howard University, College of Medicine, Meharry Medical College, Morehouse School of Medicine និងសាកលវិទ្យាល័យ Charles Drew University of Medicine & Science នឹងទទួលបានកញ្ចប់ជំនួយរាប់សិបលានដុល្លារក្នុងមួយសាលា។
សេចក្ដីប្រកាសមួយនេះ ត្រូវបានធ្វើឡើងអំឡុងពេលលោក Bloomberg ថ្លែងសន្ទរកថាក្នុងអនុសញ្ញាប្រចាំឆ្នាំ របស់សមាគមវេជ្ជសាស្ត្រជាតិ ដែលជាអង្គការមួយជួយជ្រោមជ្រែងដល់គ្រូពេទ្យអាមេរិកស្បែកខ្មៅ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាសេដ្ឋីអាមេរិក Michael Bloomberg បានធ្វើសប្បុរសធម៌អស់រាប់ពាន់លានដុល្លារ ដើម្បីជួយដល់វិស័យសុខាភិបាលអាមេរិក ពោលទើបនឹងប្រកាសជួយ ១ពាន់លានដុល្លារទៅកាន់និស្សិតក្រីក្រ ដែលបន្តការសិក្សានៅសាលាពេទ្យ Johns Hopkins University កាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ៕