មេធំក្រុមហ៊ុន Xiaomi ជាប់ឈ្មោះក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi Corp លោក Lei Jun បានលេចជាប់ឈ្មោះនៅក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន បន្ទាប់ពីរថយន្តអគ្គិសនីរបស់ Xiaomi ទទួលបានការគាំទ្រខ្លាំងនឹកស្មានមិនដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តអគ្គិសនីរបស់ Xiaomi ដែលមានឈ្មោះថា SU7 បញ្ចេញលក់កាលពីខែចុងខែមីនា ទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក ដោយត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរហូតដល់ជិត ៨៩ ០០០គ្រឿង។

ហេតុនេះហើយទើបធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើងខ្លាំង ស្របពេលប្រាក់ចំណូលវិញក៏ងើបស្ទុះដូចគ្នា និងបានធ្វើឲ្យទស្សនាវដ្ដី Forbes ចាត់ទុកលោក Lei Jun ជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនល្អបំផុតមួយរូបនៅប្រទេសចិន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Xiaomi ទើបតែបង្កើតឡើងកាលពីឆ្នាំ២០១០ ប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេបានដណ្ដើមចំណែកទីផ្សារស្មាតហ្វូននៅចិនយ៉ាងលឿន ដោយសារតែផលិតផលរបស់ពួកគេមានតម្លៃទាប តែគុណភាពល្អ។

សូមជម្រាបបន្ថែមថា លោក Lei Jun បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានលុយច្រើនបំផុតទី១១ នៅប្រទេសចិនផងដែរ៕