កាលពីថ្ងៃទី៦ ខែសីហា ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល Meta លោក Mark Zuckerberg បានវ៉ាដាច់ទ្រព្យសម្បត្តិលោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលដ៏ប្រណីតរបស់បារាំង LVMH ក្លាយខ្លួនក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនមហាសាលលំដាប់ទីបីរបស់ពិភពលោក។
យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានឲ្យដឹងគិតត្រឹមថ្ងៃទី៦ ខែសីហាថា លោក Zuckerberg កំពុងកាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណ ១៧៥,៥ពាន់លានដុល្លារ កើនឡើងខ្ទង់ ៨,៦ពាន់លានដុល្លារឬស្មើរនឹង៥,១% ។ ចំណែកឯលោក Arnault ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH ម្ចាស់ម៉ាកយីហោផលិតផលប្រណីត Louis Vuitton និង Tiffany & Co ឯណោះវិញ បច្ចុប្បន្នកំពុងកាន់កាប់ទ្រព្យសម្បត្តិសរុបប្រហែល ១៧៤,១ពាន់លានដុល្លារ បន្ទាប់ពីរបូតប្រាក់អស់ ៥៨៨លានដុល្លារនាពេលថ្មីៗ។
ការប្រែប្រួលទ្រព្យសម្បត្តិរវាងមហាសេដ្ឋីទាំងពីររូបដូច្នេះ កើតឡើងក៏ដោយសារតែភាគហ៊ុនរបស់ LVMH បានថមថយសន្ទស្សន៍ចំនួន ០,៣% នៅពេលបិទផ្សារហ៊ុន ខណៈឯភាគហ៊ុនរបស់ Meta វិញបែរជាមានការកើនឡើងដល់ទៅ៥,៥% ឯណោះ។
គួរជម្រាបផងដែរថា មហាសេដ្ឋីដែលមានជាងគេលំដាប់ទីពីរលើលោកគឺជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨៣,៥ពាន់លានដុល្លារ រីឯមហាសេដ្ឋីមានទ្រព្យកប់ពពក ពោលច្រើនជាងគេបំផុតនៅលើពិភពលោកវិញ គឺជាម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla លោក Elon Musk ដែលមានទ្រព្យដល់ទៅ ២២៣,៦ពាន់លានដុល្លារឯណោះ៕