យោងតាមសារព័ត៌មានរដ្ឋចិនមួយ បានរាយការណ៍កាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Shanghai Spacecom Satellite Technology (SSST) គ្រោងនឹងបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតដំបូងបំផុតរបស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីប្រកួតប្រជែងទៅនឹងផ្កាយរណប Starlink របស់ក្រុមហ៊ុនអាមេរិក SpaceX។
ប្រភពដដែលនេះ បានអះអាងទៀតថា ប្រសិនបើក្រុមហ៊ុន SSST ធ្វើការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនដោយជោគជ័យ នោះវានឹងក្លាយជាជំហានដ៏សំខាន់បំផុតមួយ នៅក្នុងគោលដៅយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីបង្កើតផ្កាយរណបផ្ទាល់ខ្លួន ក្នុងការប្រជែងទៅនឹងក្រុមហ៊ុនរបស់មហាសេដ្ឋីលោក Elon Musk ដែលជាក្រុមហ៊ុនផ្តល់អ៊ីនធឺណិតពាណិជ្ជកម្ម មានផ្កាយរណបផ្ទាល់ខ្លួនប្រហែល ៥ ៥០០ នៅក្នុងលំហអាកាស ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុន បុគ្គល និងទីភ្នាក់ងាររដ្ឋាភិបាល ជាដើម។
គួរឲ្យដឹងថាផងដែរថា ការបាញ់បង្ហោះផ្កាយរណបដំបូងដែលដឹកនាំដោយក្រុមហ៊ុន SSST នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ដែលជាមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតដ៏សំខាន់បំផុតរបស់ប្រទេស មានទីតាំងនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
បញ្ជាក់ផងដែរថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃផែនការ “Thousand Sails Constellation” របស់ក្រុមហ៊ុន SSST ឬត្រូវបានគេស្គាល់ថាជា “G60 Starlink Plan” ដែលជាផែនការចាប់ផ្តើមកាលពីឆ្នាំមុនមកម្លេះ និងមានគោលបំណងដាក់ពង្រាយផ្កាយរណបក្នុងគន្លងផែនដីកម្រិតទាប (LEO) ច្រើនជាង ១៥០០០ ។
ជម្រាបថា ផ្កាយរណប LEO ជាធម្មតាដំណើរការនៅរយៈកម្ពស់ពី ៣០០គីឡូម៉ែត្រ ទៅ ២ ០០០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយមានអត្ថប្រយោជន៍ជាច្រើន ដូចជាផ្តល់សេវាអ៊ីនធឺណិតតម្លៃថោក និងផ្តល់នូវការបញ្ជូនដ៏មានប្រសិទ្ធភាពជាងផ្កាយរណបនៅគន្លងខ្ពស់ជាងនេះ៕