Hyundai នឹងបោះទុនវិនិយោគជិត ៣០លានដុល្លារ ដើម្បីសង់រោងចក្រដំឡើងរថយន្ត EV នៅថៃ

អន្តរជាតិ

ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ​ (BOI) បានឲ្យដឹងនៅថ្ងៃពុធ ទី៧ ខែសីហានេះថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង Hyundai Motor Company នឹងបោះទុនវិនិយោគចំនួន ១ពាន់លានបាត ឬប្រមាណ ២៨លានដុល្លារ ក្នុងការបង្កើតកន្លែងដំឡើងរថយន្តអគ្គិសនី និងអាគុយ នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នវិស័យរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ហាក់កំពុងមានភាពរីកចម្រើនខ្លាំង ជាពិសេសតាមរយ:ការវិនិយោគដោយក្រុមហ៊ុនចិនធំៗជាច្រើន ដូចជា​ BYD និង Great Wall Motors ជាដើម ដែលកំពុងប្រើប្រាស់ប្រទេសនេះ ជាមូលដ្ឋានផលិតកម្ម សម្រាប់ការនាំចេញយានយន្ត ទៅកាន់ប្រទេសទូទាំងតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ សម្រាប់រោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីរបស់ Hyundai ដែលគ្រោងទុកនេះ នឹងមានទីតាំងនៅភាគអាគ្នេយ៍ទីក្រុងបាងកក ដោយនឹងចាប់ផ្តើមផលិតដំបូង នៅឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីថ្លែងការណ៍បន្ថែមរបស់ BOI ។

លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ៖”ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំដែលមានស្រាប់របស់ប្រទេសថៃ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Hyundai ទទួលបានមិនតិចជាងមួយភាគបីនៃវត្ថុធាតុដើម និងផ្នែកដែលពួកគេត្រូវការពីក្នុងប្រទេសថៃ ដូច្នេះវាក៏នឹងជួយដល់ឧស្សាហកម្មក្នុងស្រុក បន្ថែមទៀតផងដែរ” ។

ជម្រាបជូនថា យោងតាមស្ថាប័នស្រាវជ្រាវ ​​Counterpoint Research បានឲ្យដឹងថា ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់ មានចំនួន ៥៥% នៃការលក់រថយន្ត EV សរុបទាំងអស់ នៅអាស៊ីអាគ្នេយ៍ គិតនៅក្នុងត្រីមាសទីមួយឆ្នាំនេះ៕