យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Airbnb ចំនួន ៣រូប បានរបូតលុយអស់រហូតដល់ ៣,២ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ពួកគេ ធ្លាក់ចុះប្រមាណ ១២%។

ស្ថាបនិកទីមួយ មហាសេដ្ឋី Brian Chesky ខាតបង់លុយប្រហែល ១,៣ពាន់លានដុល្លារ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានរហូតដល់ ៩,២ពាន់លានដុល្លារ ជាចំណុចទាបបំផុតនៅក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនោះ ស្ថាបនិកទី២ មហាសេដ្ឋី Nathan Blecharczyk របូតលុយប្រមាណ ១ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកសល់ ៧,៧ពាន់លានដុល្លារ ស្របពេលស្ថាបនិកទី៣ មហាសេដ្ឋី Joe Gebbia ខាតលុយប្រហែល ៩០០លានដុល្លារ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Airbnb គឺជាអ្នកផ្ដល់សេវាកម្មកក់បន្ទប់សណ្ឋាគារ និងផ្ទះស្នាក់ នៅប្រទេសជាច្រើនទូទាំងសកលលោក ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃប្រមាណ ៧២ពាន់លានដុល្លារ៕