នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មហាសេដ្ឋី Jensen Huang បានលក់ភាគហ៊ុនមុនដាច់ខែកក្កដា បានទឹកប្រាក់រហូតដល់ ៣២៣លានដុល្លារ ពោលគឺមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលស្ថានភាពផ្សារហ៊ុនអាមេរិកចាប់ផ្ដើមជ្រួលច្របល់។

យោងតាមការចុះផ្សាយពីគេហទំព័រ TheFortune បានបង្ហាញថា បើគិតទាំងការលក់ភាគហ៊ុនរយៈពេល ២ខែចុងក្រោយ មហាសេដ្ឋីអាមេរិករូបនេះកើបលុយបានប្រហែល ៥០០លានដុល្លារហើយ។
គួររំលឹកបន្តិចថា តាំងពីបើកទំព័រខែសីហាមក ផ្សារហ៊ុនអាមេរិកចាប់ផ្ដើមជ្រួលច្របល់ខ្លាំង ពោលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន បានជួបប្រទះការខាតបង់ តួយ៉ាងក្រុមហ៊ុនធំៗបំផុតនៅអាមេរិកទាំង៧ បានខាតលុយរហូតដល់ ៨០០ពាន់លានដុល្លារ កាលពីថ្ងៃទី០៥ ខែសីហាកន្លងទៅ។
សូមជម្រាបដែរថា បើទោះជាលក់ភាគហ៊ុនបានលុយជាង ៣០០លានដុល្លារក្ដី តែមហាសេដ្ឋី Jensen Huang នៅតែគេចមិនផុតពីការខាតបង់ ដោយលោកបានរបូតលុយអស់ជិត ៦ពាន់លានដុល្លារ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកនៅសល់ប្រហែល ៨៨ពាន់លានដុល្លារប៉ុណ្ណោះ៕