រដ្ឋាភិបាលឡាវ កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសផ្អាកជាបណ្តោះអាសន្នលើការនាំចូលរថយន្តពី ៤ ទៅ ១៦ កៅអី និងរថយន្តប្រភេទភីកអាប់ ចាប់ពីថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឬអាចបន្តរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញវិធានការថ្មីដែលចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវនេះ គឺមានគោលបំណងដោះស្រាយបញ្ហាទាក់ទងនឹងអតិផរណា ក៏ដូចជាកង្វះរូបិយប័ណ្ណបរទេស ឱនភាពពាណិជ្ជកម្ម និងការនាំចូលយានយន្តដែលមិនមានស្តង់ដារត្រឹមត្រូវ។
បើតាមសេចក្តីប្រកាសពីក្រសួងខាងលើ បានបញ្ជាក់ថា ការផ្អាកនេះគឺនឹងត្រូវអនុវត្តចំពោះយានយន្តធុនស្រាល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងរថយន្តម៉ាស៊ីនប្រភេទកូនកាត់ hybrid ដែលមានតម្លៃលើសពី ៥ម៉ឺនដុល្លារ។
គួរឲ្យដឹងថា ចំពោះយានជំនិះធុនស្រាលដែលមានតម្លៃលើសពី ៥ម៉ឺនដុល្លារដែលនាំចូលសម្រាប់បំពេញការងារសំខាន់ៗ ឬទាក់ទងនឹងកាតព្វកិច្ចអន្តរជាតិ ដូចជាការប្រើប្រាស់សម្រាប់រដ្ឋាភិបាល ស្ថានទូត ឬអង្គការអន្តរជាតិ នឹងត្រូវអនុញ្ញាតអាច លុះត្រាតែមានការយល់ព្រមពីរដ្ឋាភិបាល។
ជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នឹងសម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សមាគមយានយន្តឡាវ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពិនិត្យ និងកែលម្អវិធានការកាត់បន្ថយការនាំចូល ស្របតាមកាតព្វកិច្ចអន្តរជាតិ និងលក្ខខណ្ឌបច្ចុប្បន្ន ដោយក្រសួងទាំងនេះ នឹងបង្កើតផែនការជាប្រព័ន្ធថ្មីមួយ សម្រាប់ការនាំចូលយានយន្ត ឆ្នាំ២០២៥ ដើម្បីធានាឲ្យមានតុល្យភាពនៃការទូទាត់ពីបរទេស៕