តស់! មកស្គាល់ស្ថាបនិក Gumball 3000 ដែលត្រៀមរៀបចំព្រឹត្តិការណ៍ដ៏កក្រើកនៅកម្ពុជា

អន្តរជាតិ

នាថ្ងៃទី០៨ ខែសីហានេះ ស្ថាបនិក Gumball 3000 លោក Maximillion Cooper បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា មុនពេលរៀបចំព្រឹត្តិការណ៍ Gumball 3000 ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃនៅលើទឹកដីកម្ពុជា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងប្អូនអ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានលឺ និងស្គាល់ឈ្មោះលោក Maximillion Cooper ហើយ! កន្លែងណាមានឈ្មោះគាត់ កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង។

តើលោក Maximillion Cooper ជាអ្នកណា ទើបបានជាធ្វើឲ្យអ្នកស្រលាញ់វិស័យរថយន្ត Supercar សប្បាយរីករាយ ពេលដឹងពីវត្តមានរបស់លោកនៅប្រទេសកម្ពុជា?

លោក Maximillion Cooper គឺជាជនជាតិអង់គ្លេស ដែលបានកើតនៅក្នុងខែកក្កដា ឆ្នាំ១៩៧២ និងជាសហគ្រិនមួយរូប ក៏ដូចជាអ្នកប្រណាំងឡានអាជីពមួយផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun បានបង្ហាញថា ដោយសារមានចំណង់ចំណូលចិត្តជាមួយរថយន្តខ្លាំងពេក លោកបានបង្កើត Gumball 3000 នៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងប្រមូលផ្ដុំអ្នកស្រលាញ់រថយន្ត Supercar នៅអង់គ្លេស។

ក្រោយមកម៉ាកយីហោ Gumball 3000 នេះបានល្បីសុះសាយកាន់តែខ្លាំង និងឈានដល់ការបើកដង្ហែរក្បួនឡានឆ្លងទ្វីប ជាពិសេសគឺលោកធ្លាប់បង្កើតនូវអនុស្សាវរីយ៍មួយ ដែលចងចាំមិនអាចបំភ្លេចបាន គឺបើកដង្ហែរក្បួនឡាន Supercar ១៥០គ្រឿង ចូលដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០០៨។

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញហើយ Gumball 3000 ក៏តែងតែធ្វើកម្មវិធីសប្បុរសធម៌ រៃអង្គាសប្រាក់ ជួយដល់យុវជន និងប្រជាជន ដែលមានជីវភាពខ្វះខាតទូទាំងចក្រភពអង់គ្លេសផងដែរ។

​បច្ចុប្បន្ន លោក Maximillion Cooper មានទ្រព្យសម្បត្តិប្រហែល ៦០លានដុល្លារ ហើយលោកក៏បានបង្កើតគ្រួសារយ៉ាងកក់ក្ដៅ ជាមួយតារារ៉េបស្រី Eve កាលពីឆ្នាំ២០១៤ ផងដែរ។

សូមជម្រាបដែរថា វត្តមានរបស់លោក Cooper មកដល់ប្រទេសកម្ពុជា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ហើយនៅថ្ងៃទី១០ ខែសីហា ស្អែកនេះក្រុមហ៊ុន ជីប ម៉ុង ក៏ត្រៀមបើកសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីបង្ហាញឲ្យដឹងកាន់តែច្បាស់ អំពីព្រឹត្តិការណ៍ Gumball 3000 ដែលត្រៀមរៀបចំធ្វើឡើងនាខែក្រោយផងដែរ៕