សារព័ត៌មាន VN Express បានចុះផ្សាយថា អនុប្រធានាធិបតីអាមេរិក និងក៏ជាបេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីបន្តពីលោក ចូ បៃដិន លោកស្រី Kamala Harris និងបេក្ខភាពលេចធ្លោមកពីគណបក្សសាធារណៈរដ្ឋ លោក ដូណាល់ ត្រាំ នឹងឡើងតស៊ូមតិគ្នានាថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ លើវេទិការៀបចំឡើងដោយស្ថាប័ន ABC ។
កាលពីអំឡុងសន្និសីទសារព័ត៌មាន នាទីក្រុង Palm Beach រដ្ឋ Florida លោក ត្រាំ បានលើកឡើងថា គាត់ចង់តស៊ូមតិជាមួយលោកស្រី Harris នៅថ្ងៃទី៤ និងថ្ងៃទី២៥ ខែកញ្ញា ដោយចាក់ផ្សាយតាមរយៈស្ថាប័ន Fox និង NBC ។ យ៉ាងណាក៏ដោយ ភាគីម្ខាងទៀត លោកស្រី Harris បានលើកឡើងនៅក្នុងបណ្តាញសង្គម X ដោយចង់ឲ្យការតស៊ូមតិនាថ្ងៃទី១០ ខែកញ្ញាវិញ។
សូមជម្រាបជូនថា នេះជាលើកដំបូងហើយ ដែលអ្នកទាំងពីរប្រកួតតទល់និយាយគោលនយោបាយគ្នានិងគ្នា ខណៈបើក្រឡេកទៅមើលការស្ទង់មតិរបស់ Ipsos ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា វិញបានបង្ហាញថា សម្លេងគាំទ្ររបស់ប្រជាជនអាមេរិកមកលើលោកស្រី Harris ហាក់កំពុងមានប្រៀបលោក ត្រាំ ចាប់តាំងពីចុងខែកក្កដាមក។ លោកស្រីបាននាំមកលោក ត្រាំ លើលទ្ធផល៤២% ទល់នឹង៣៧% ប្រៀបធៀបនឹងការស្ទង់មតិនៅថ្ងៃទី២២ ទៅ២៣ ខែកក្កដា ចេញផ្សាយដោយ Reuters និង Ipsos survey បានបង្ហាញថា លោកស្រីកើនឡើងសម្លេងគាំទ្រ៣៧% ទល់នឹងលោក ត្រាំ ៣៤% ៕