នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim មានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Tesla ទំនងជានឹងបោះបង់ចោលគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចោលវិញ ដោយសារតែការខាតបង់អាជីវកម្ម និងការប្រកួតប្រជែងពីម៉ាកយីហោរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
លោក Anwar បានបង្ហាញឲ្យដឹងថា រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Zafrul Tengku Abdul Aziz គឺជាអ្នកដែលបានទទួលព័ត៌មាននេះដោយផ្ទាល់ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla ។
លោក Anwar បាននិយាយទៀតថា ៖” លោក Zafrul គឺជាអ្នកបានទទួលព័ត៌មានចុងក្រោយបង្អស់ ជុំវិញការលុបចោលគម្រោងសង់រោងចក្រនេះ។ ជុំវិញមូលហេតុគឺដោយសារតែ Tesla កំពុងប្រឈមមុខនឹងការខាតបង់ច្រើន និងមិនអាចប្រកួតប្រជែងជាមួយនឹងរថយន្ត EV ពីប្រទេសចិនបាន”។
នាយករដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ទៀតថា បើទោះបីជាក្រុមហ៊ុន Tesla បានសម្រេចចិត្តលុបចោលគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួនបីនេះក៏ដោយ ប៉ុន្តែពួកគេនឹងផ្តោតទៅលើការបង្កើតស្ថានីយ៍សាកអាគុយជំនួសវិញ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន Tesla កំពុងធ្វើប្រតិបត្តិការតែលើការិយាល័យលក់ និងបន្ទប់តាំងបង្ហាញប៉ុណ្ណោះ នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី៕