បើផ្អែកតាមរបាយការណ៍ពី ASEAN Statistical បានបង្ហាញឲ្យដឹងថា នៅឆ្នាំ២០២២ ទំហំនៃ GDP របស់អាស៊ានទាំងមូលមានចំនួន ៣,៦ទ្រីលានដុល្លារ។ ជាចំណុចសំខាន់នោះ អាស៊ានជាតំបន់មួយ ដែលត្រូវបានពិភពលោក ចាត់ទុកថាជាមជ្ឈមណ្ឌលចម្រុះ មានការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿនរហ័ស ព្រមទាំងមានសក្តានុពលបំផុតក្នុងការវិនិយោគ។

ទំហំសេដ្ឋកិច្ចមានកំណើនខ្ពស់របស់អាស៊ាន ត្រូវបានចូលរួមយ៉ាងសំខាន់ពីតួអង្គមិនអាចខ្វះបាន គឺវិស័យឯកជន ដែលរកស៊ីលើគ្រប់វិស័យ ក្នុងបរិបទទីផ្សារសេរី ខណៈមហាសេដ្ឋីប្រចាំប្រទេសនីមួយៗក្នុងតំបន់អាស៊ានទាំងនោះ បាននិងកំពុងរកស៊ីក្នុងអាជីវកម្មអ្វីខ្លះ ទើបអាចក្លាយខ្លួនជាមហាសេដ្ឋីគ្រាក់ៗដូច្នេះ? ផ្អែកតាមរបាយការណ៍ពីទស្សនាវដ្តី Forbes ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញថា៖

១. លោក Prajogo Pangestu ជាមហាសេដ្ឋីមានទ្រព្យដល់ទៅ ៦០,៧ពាន់លានដុល្លារ ដោយមានក្រុមហ៊ុនឈ្មោះថា Barito Pacific រកស៊ីលើវិស័យគីមីឥន្ធនៈ និងថាមពល។

២. លោក Li Xiting ក៏ជាបុគ្គលមួយរូបមានទ្រព្យច្រើនដាច់គេនៅសិង្ហបុរី ពោលបុរសរូបនេះមានទ្រព្យសម្បត្តិប្រមាណ ១៣,៦ពាន់លានដុល្លារ កំពុងកាន់កាប់ក្រុមហ៊ុនផលិតបរិក្ខារពេទ្យ Shenzhen Mindray Bio-Medical Electronics ។

៣. លោក Manuel Villar ជាមហាសេដ្ឋីរបស់ប្រទេសហ្វីលីពីន សព្វថ្ងៃមានទ្រព្យសម្បត្តិខ្ទង់ ១២,៥ពាន់លានដុល្លារ និងជាប្រធានក្រុមហ៊ុន Vista Land & Lifescapes រកស៊ីជាចម្បងក្នុងនាមជាអ្នកអភិវឌ្ឍលំនៅឋាន និងផ្សារ។

៤. លោក Dhanin Chearavanont ជាមហាសេដ្ឋីថៃមានទ្រព្យសម្បត្តិ ១២,១ពាន់លានដុល្លារ ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Charoen Pokphand Group ដែលកំពុងរកស៊ីលើពហុវិស័យ តែអ្វីដែលសំខាន់បំផុតនោះ គឺជាអាជីវកម្មផលិតចំណីសត្វ និងបសុសត្វដ៏ធំជាងគេបំផុតនៅលើពិភពលោក។

៥. លោក Robert Kuok គឺជាមហាសេដ្ឋីម៉ាឡេស៊ី មានទ្រព្យសម្បត្តិ ១១,៧ពាន់លានដុល្លារ។ បុរសរូបនេះជាម្ចាស់ក្រុមហ៊ុន Kuok group ដែលកំពុងរកស៊ីជាចម្បងទៅលើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច អចលនទ្រព្យ និងទំនិញ។

៦. លោក Pham Nhat Vuong មានទ្រព្យសម្បត្តិ ៤,១ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុន Vingroup រកស៊ីលើវិស័យអចលនទ្រព្យ ការលក់រាយ ការថែទាំសុខភាព ព្រមទាំងអាជីវកម្មផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម VinFast ផងដែរ។
ដោយឡែកចំពោះប្រទេសកម្ពុជា ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ពុំមានព័ត៌មានច្បាស់ការណាមួយ យកមកបញ្ជាក់ពីចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីប្រចាំប្រទេសបាននោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជា ក៏មានដែរនូវមហាសេដ្ឋី សេដ្ឋី ជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា គ្រាក់ៗជាច្រើនរូបផងដែរ។ ដោយផ្អែកទៅតាមទំហំ និងចំនួនអាជីវកម្ម ព្រមទាំងបរិមាណនៃការផ្តល់ឱកាសការងាររាប់សិបម៉ឺនកន្លែងដល់បុគ្គលិកជាតិ និងអន្តរជាតិ ក៏អាចជាជ្រុងម្ខាងបង្ហាញពីភាពស្តុកស្តម្ភរបស់ក្រុមហ៊ុនកម្ពុជាទាំងនោះបានផងដែរ តួយ៉ាងដូចជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប, ថ្នាក់ដឹកនាំនៃក្រុមហ៊ុន រ៉ូយាល់ គ្រុប និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន អិលវ៉ាយភី គ្រុប ជាដើម៕