នៅរយៈពេល ៧ខែកន្លងមកនេះ ប្រទេសវៀតណាមបាននាំចេញផលិតផលកាហ្វេរបស់ខ្លួនបានចំនួន ៩៦៤ ០០០តោន ដោយលក់បានប្រាក់ដល់ទៅជិត ៣,៥៤ពាន់លានដុល្លារ កើនឡើង ៣០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ទោះបីជាមានការកើនឡើងបែបនេះក៏ដោយ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសស្ថិតក្រោមចំណុះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលព័ត៌មានពាណិជ្ជកម្ម និងឧស្សាហកម្ម បានព្យាករណ៍ថា ការនាំចេញកាហ្វេរបស់វៀតណាមនៅរយៈពេលប៉ុន្មានថ្ងៃនៅសល់ទម្រាំដាច់ត្រីមាសទីបីនោះ នឹងមានការថយចុះទៅវិញ ព្រោះតែការផ្គត់ផ្គង់មានតិចជាងមុន។
ការផ្គត់ផ្គង់ត្រូវបានគេដឹងថា នឹងមិនមានការកើនឡើងនោះទេ រហូតដល់ខែតុលា ដោយរង់ចាំរហូតទាល់តែរដូវប្រមូលផល ២០២៤-២០២៥ ចាប់ផ្តើមសារជាថ្មី។ យ៉ាងណាបើរំលឹកកាលពីរដូវប្រមូលផល ២០២៣-២០២៤ ស្ថិតិពីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានបង្ហាញថា ទិន្នផលកាហ្វេរបស់ប្រទេសមួយនេះ ទទួលបានចំនួន ១,៤៧លានតោន ជាចំនួនដ៏ទាបបំផុតក្នុងរយៈពេល ៤ឆ្នាំកន្លងមក ឬធ្លាក់ចុះពីរដូវប្រមូលផល ២០២២-២០២៣ ដល់ទៅ២០% ។
ម្យ៉ាងវិញទៀត ទិន្នផលកាហ្វេវៀតណាម ត្រូវបានគេរំពឹងថា នឹងទទួលរងនៃការធ្លាក់ចុះជាបន្តបន្ទាប់ទៀត ដ្បិតថាដំណាំមួយប្រភេទនេះ កំពុងតែប៉ះពាល់ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។
សារព័ត៌មាន Bloomberg បានចុះផ្សាយឲ្យដឹងដែរថា តម្លៃទីផ្សារកាហ្វេ Robusta នឹងកើនឡើងយ៉ាងគំហុក និងមានរយៈពេលយូរ ព្រោះតែមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់របស់វៀតណាមមានការខ្វះខាត។ ជាមួយគ្នានោះ អង្គការកាហ្វេអន្តរជាតិ (ICO) បានគូសបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមការខ្វះខាតកាហ្វេ Robusta មកផ្គត់ផុ្គង់ទីផ្សារពិភពលោករហូតដល់ ៣៥លានបាវ (៦០គីឡូក្រាមក្នុងមួយបាវ) នៅឆ្នាំ២០៤០ ថែមទៀតផង៕