ជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលរថយន្តថាមពលថ្មី សំដៅទៅលើរថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ (អគ្គិសនីផង ឥន្ធនៈផង) បានលក់ដាច់ច្រើនជាងរថយន្តដឹកអ្នកដំណើរដើរដោយថាមពលប្រេងឥន្ធនៈ។ នេះបើផ្អែកទៅតាមសមាគមរថយន្តដឹកអ្នកដំណើរចិន គូសបញ្ជាក់ពីទិន្នន័យទិញលក់សម្រាប់ខែកក្កដា។
សារព័ត៌មាន CNBC ចុះផ្សាយថា កាលពីខែកក្កដានោះ រថយន្តប្រភេទថាមពលថ្មី លក់បានខ្ទង់ចំនួន៥១% នៃរថយន្តដឹកអ្នកដំណើរសរុបបានលក់ក្នុងប្រទេសចិន ខណៈក្នុងនោះរបាយការណ៍ចុងក្រោយបានបង្ហាញថា រថយន្តអគ្គិសនីសុទ្ធ មានប្រៀបលក់ដាច់ច្រើនជាងរថយន្តកូនកាត់។
ទោះបីជារបាយការណ៍បង្ហាញយ៉ាងដូច្នេះមែន តែតួលេខពីការលក់ និងការដឹកជញ្ជូនប្រចាំខែរបស់បណ្តាក្រុមហ៊ុនផលិតរថយន្ត BYD, Li Auto និងក្រុមហ៊ុនរថយន្តផ្សេងៗទៀត បានបង្ហាញថា អ្នកប្រើប្រាស់ក្នុងប្រទេសចិនកំពុងតែមានការពេញចិត្តជាខ្លាំងចំពោះរថយន្តកូនកាត់ ដែលដើរដោយថាមពលអគ្គិសនីផង និងឥន្ធនៈផង។
ម្យ៉ាងវិញទៀត ថ្វីត្បិតថាការលក់រថយន្តអគ្គិសនីច្រើនជាងរថយន្តកូនកាត់ក៏ពិតមែន ប៉ុន្តែបើផ្អែកទៅតាមទិន្នន័យទាំងមូលវិញនោះ សមាគមរថយន្តដឹកអ្នកដំណើរចិន បានឲ្យដឹងថា ការលក់រថយន្តគ្រប់ប្រភេទទាំងអស់ មានការធ្លាក់ចុះ២,៨% មកនៅត្រឹម ១,៧២លានគ្រឿងក្នុងខែកក្កដា ក្នុងនោះការលក់រថយន្តថាមពលថ្មីមានការកើនឡើង៣៧% ដល់ចំនួន ៨៧៨ ០០០គ្រឿង។
គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលចិនតែងតែខ្នះខ្នែងគាំទ្រដល់ឧស្សាហកម្មរថយន្តថាមពលថ្មីក្នុងស្រុកអស់រយៈពេលជាងមួយទសវត្សមកហើយ រាប់ទាំងការឧបត្ថម្ភធន និងគោលនយោបាយពាណិជ្ជកម្មផ្សេងៗជាដើម៕ គោលនយោបាយពាណិជ្ជកម្ម របស់រដ្ឋាភិបាលចិនទាំងនោះ គឺជំរុញឲ្យមានការប្រើប្រាស់ និងផ្តោតជាសំខាន់ដល់អតិថិជនទិញរថយន្តថាមពលថ្មី ថានឹងទទួលបានអត្ថប្រយោជន៍គាំទ្រច្រើនបំផុត៕