ក្នុងរយ:ពេលត្រឹមតែ ១ខែ ចិនខាតបង់ទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ដោយសារបញ្ហាអាកាសធាតុ

អន្តរជាតិ

បញ្ហាអាកាសធាតុដ៏អាក្រក់ រួមមានទាំងភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ បានធ្វើឲ្យរដ្ឋាភិបាលប្រទេសចិន ខាតបង់ទឹកប្រាក់ជាង ៧៦ពាន់លានយ៉ន់ (១០,១ពាន់លានដុល្លារ) គិតតែក្នុងខែកក្កដា កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងទៀតថា ចំនួនទឹកប្រាក់នៃការខាតបង់នៅក្នុងខែកក្កដាតែមួយ គឺជិតស្មើទៅនឹងការខាតបង់ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដែលប្រទេសចិន បានជួបប្រទះ ក្នុងរយ:ពេល ៦ខែដំបូងនៃឆ្នាំ២០២៤ នេះរួមបញ្ចូលគ្នា។

ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយថា គ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងក្នុងអំឡុងខែកក្កដា បានប៉ះពាល់ដល់មនុស្សជិត ២៦,៤ លាននាក់នៅទូទាំងប្រទេសចិន ដោយកក្នុងចំណោមនោះមាន ៣២៨ នាក់ បានស្លាប់ និងបាត់ខ្លួន។

ក្នុងអំឡុងខែកក្កដាដដែលនោះ មនុស្សចំនួនជាង ១ លាននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ ខណ:ផ្ទះចំនួន ១២ ០០០ ខ្នងបានដួលរលំ និង ១៥៧ ០០០​ ខ្នងផ្សេងទៀតបានរងការខូចខាត ស្របពេលផ្ទៃដីដាំ​ដំណាំ​ប្រមាណ ២,៤២ លាន​ហិកតា​ក៏​រង​ផល​ប៉ះពាល់ផងដែរ​។

ជម្រាបជូនផងដែរថា ប្រទេស​ចិន​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏អាក្រក់បំផុតជាច្រើន នៅក្នុង​ឆ្នាំ​នេះ ដោយអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំង និងបន្ទាប់​មក​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មាន​ រួមទាំងទទួលរលក​កម្ដៅ​ខ្លាំងបំផុត ផងដែរ៕