សហព័ន្ធឧស្សាហកម្មថៃ ទទូចឲ្យរដ្ឋាភិបាលដំឡើងពន្ធបន្ថែមទៅលើទំនិញនាំចូលពីប្រទេសចិន

អន្តរជាតិ

ថ្នាក់ដឹកនាំរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល ធ្វើការដំឡើងពន្ធបន្ថែមទៀតដើម្បីប្រឆាំងទៅនឹងការហូរចូលនៃទំនិញថោកៗពីប្រទេសចិនដែលកំពុងធ្វើឲ្យខូតដល់វិស័យផលិតកម្ម នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

FIT បាននិយាយទៀតថា ឧស្សាហកម្មក្នុងស្រុកជាង ២០ ត្រូវបានរងផលប៉ះពាល់ដោយការហូរចូលនៃផលិតផលដែលមានតម្លៃទាបរបស់ចិន ហើយស្ថានភាពនេះ ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងការមកដល់របស់ហាងលក់ទំនិញតាមអនឡាញ Temu ។

លោក Kriengkrai Thiennukul ប្រធាន FTI ក៏បានលើកឡើងថា រោងចក្រក្នុងស្រុកមួយចំនួន ក្នុងចំណោម ៦៦៧ ត្រូវបានបិទទ្វារក្នុងឆមាសទី១ ដែលនេះគឺជាការកើនឡើងដល់ទៅ ៨៦% ធៀបទៅនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ លោក Payong Srivanich ប្រធានសមាគមធនាគារថៃ បាននិយាយផងដែរថា ៖”ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មីក្នុងការការពារប្រទេសថៃឲ្យកាន់តែប្រសើរឡើង ពីផលិតផលថោកៗរបស់ចិនទេនោះ ក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀត ទំនងជានឹងត្រូវបិទទ្វារជាមិនខាន” ។

ជម្រាបជូនផងដែរថា ប្រទេសចិន បាននឹងកំពុងនាំចេញទំនិញរបស់ខ្លួនកាន់តែច្រើន ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់តាំងពីមានការកើនឡើងនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកមក ស្របពេលជាមួយគ្នានោះ ប្រជាជនថៃកាន់តែច្រើនបានងាកមកនិយមទិញផលិតផលតាមអនឡាញ ចាប់តាំងពីផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩៕