មហាសេដ្ឋីប៉ូឡូញ Rafal Brzoska និងភរិយា ត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋីអាមេរិក Mark Zuckerberg ជុំវិញករណីផ្សាយពាណិជ្ជកម្មក្លែងក្លាយ ដោយប្រើប្រាស់មុខមាត់របស់លោក ពាសពេញបណ្ដាញសង្គម Facebook និង Instagram។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Rafal នៅមិនទាន់បង្ហើបឲ្យដឹងពីសំណង ដែលលោកចង់បានពីក្រុមហ៊ុន Meta ឡើយ ក៏ប៉ុន្តែការប្ដឹងផ្ដល់គឺច្បាស់ជាកើតឡើងជាមិនខាន។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រុមហ៊ុន Meta ក៏បានចេញមុខអះអាងដែរថា ពួកគេកំពុងព្យាយាមលុបចោលនូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រោយទទួលដំណឹងពីវា ហើយក៏កំពុងធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ តាមចាប់ជនឆបោកទាំងអស់នោះផងដែរ។
គួររំលឹកបន្តិចថា មហាសេដ្ឋីប៉ូឡូញ និងជាស្ថាបនិកក្រុមហ៊ុន InPost ដែលផលិតទូសុវត្ថិភាព បានជូនដំណឹងដល់ក្រុមហ៊ុន Meta ជុំវិញការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ដោយប្រើរូបភាពរបស់លោក តាំងពីដើមខែកក្កដា តែមកទល់ពេលនេះវានៅតែមិនមានដំណោះស្រាយ ដូច្នេះលោកក៏សម្រេចចិត្តប្ដឹងក្រុមហ៊ុនមហាសេដ្ឋីអាមេរិកនេះតែម្ដង៕