នៅខែកក្កដា​ អាមេរិកចាយប្រាក់ច្រើនជាងចំណូលរហូតដល់ ២៤៤ពាន់លានដុល្លារ

អន្តរជាតិ

រតនាគារសហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃទី១២ ខែសីហាថា រដ្ឋាភិបាលបានកត់ត្រាអំពីឱនភាពថវិកាប្រចាំខែកក្កដារបស់ខ្លួន ថាមានចំនួនកើនឡើងដល់ ២៤៤ពាន់លានដុល្លារ ឬស្មើនឹងការកើនឡើង១០% បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រតនាគារបានលើកឡើងថា ឱនភាពថវិកាចំនួន ២៤៤ពាន់លានដុល្លារនេះ បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០២៣ មានឱនភាពចំនួន ២២១ពាន់លានដុល្លារ នោះគឺមានន័យថាត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ឱនភាពថវិកាមានការកើនឡើងដល់ទៅចំនួន ២៣ពាន់លានដុល្លារ។

ឱនភាពថវិកាពិតណាស់កើតឡើងបាន ដោយសារការចំណាយច្រើនជាងចំណូល។ ប្រាក់ចំណូលរបស់សហរដ្ឋអាមេរិកនាខែកក្កដាមានត្រឹមចំនួន ៣៣០ពាន់លានដុល្លារប៉ុណ្ណោះ រីឯការចំណាយខុសខ្ទង់របស់ប្រទេសមួយនេះវិញ មានដល់ទៅ ៥៧៤ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកត្រូវចំណាយប្រាក់លើថ្លៃធានារ៉ាប់រង និងចូលនិវត្តន៍របស់ប្រជាជនដល់ទៅ ១២៨ពាន់លានដុល្លារ ខណៈពន្ធលើប្រាក់ចំណូលបុគ្គលឯណោះវិញមានចំនួន ១៥៤ពាន់លានដុល្លារ។

មួយវិញទៀត ការចំណាយសម្រាប់កិច្ចសន្តិសុខសង្គម ត្រូវចាយប្រាក់អស់ខ្ទង់ ១២៣ពាន់លានដុល្លារ ខណៈពាក់ព័ន្ធនឹងការថែរក្សាសុខភាពក៏មានចំនួន ៩២ពាន់លានដុល្លារផងដែរ។

គួរឲ្យដឹងដែរថា សម្រាប់ឆ្នាំសារពើពន្ធ២០២៤ រាប់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឱនភាពថវិការបស់សហរដ្ឋអាមេរិកមានរហូតដល់ទៅ ១,៥២ទ្រីលានដុល្លារឯណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ រកចំណូលបានត្រឹម ៤,០៨ទ្រីលានដុល្លារ ចំណែកឯការចំណាយច្រើនជាង ៥,៦ទ្រីលានដុល្លារទៅទៀត៕