ទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញនៅថ្ងៃទី១៣ ខែសីហាថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង២,៩% នៅក្នុងត្រីមាសទីពីរ (រាប់ចាប់ពីខែមេសា ដល់ខែមិថុនា) បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ខ្លួនបានកែសម្រួល ដោយបង្កើនអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៤ ដោយបង្កើនការព្យាករណ៍ចន្លោះពី២% ទៅ៣% ខណៈកាលពីមុនព្យការណ៍ត្រឹមចន្លោះពី១% ទៅ៣% ។ ទន្ទឹមនឹងនោះ នៅក្នុងការស្ទង់មតិរបស់ Reuters សេដ្ឋវិទូបានព្យាករណ៍សេដ្ឋកិច្ចសិង្ហបុរី នៅត្រីមាសទីពីរថានឹងមានកំណើន២,៧% ។
ក្នុងទិសដៅនៃក្តីសង្ឃឹមសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធនាគារកណ្តាល កាលពីខែមុនធ្លាប់បានរំពឹងថា សេដ្ឋកិច្ចសិង្ហបុរី នឹងមានស្ថានភាពរឹងមាំនៅរយៈពេលប៉ុន្មានខែសេសសល់នៃឆ្នាំ២០២៤ ដោយអត្រារំពឹងទុកនោះគឺមានចន្លោះពី២% ទៅ៣% ។
គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី សម្រេចបានការកើនឡើង១,១% ប៉ុណ្ណោះ យឺតជាងអត្រាសម្រេចបានក្នុងឆ្នាំ២០២២ ទៅទៀត ដែលកាលនោះសម្រេចបានចំនួន៣,៨% ៕
