នារយៈពេលចុងក្រោយមកនេះ ឧស្សាហកម្មបច្ចេកវិទ្យាអេឡិចត្រូនិចមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ ជាពិសេសទៅលើបច្ចេកវិទ្យា AI និងមនុស្សយន្តជាដើម។ ក្នុងនោះ ក្រុមហ៊ុន Vayu Robotics បានបញ្ចេញរ៉ូបូតដឹកទំនិញមួយមានឈ្មោះថា The One ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ នៅក្នុងទីផ្សារ Online ដែលកំពុងមានការមមាញឹកពាសពេញពិភពលោក។
តាមការចុះផ្សាយពីសារព័ត៌មាន FOX បានឲ្យដឹងថា Vayu Robotics ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ដោយវិស្វករមានបទពិសោធន៍លើវិស័យបច្ចេកវិទ្យា និងបច្ចេកទេសមួយក្រុម ដែលមានគោលបំណងក្នុងការអភិវឌ្ឍន៍មនុស្សយន្តឲ្យកាន់តែទំនើប និងជួយកាត់បន្ថយភាពរាំងស្ទះនៃការដឹកជញ្ជូន ដែលរារាំងដល់កំណើនពាណិជ្ជកម្មក្នុងសម័យឌីជីថល។
រ៉ូបត The One មានភាពទាក់ទាញដោយសារតែបំពាក់មកនូវបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា Sensing មានតម្លៃសមរម្យ មិនដូចទៅនឹងបច្ចេកវិទ្យា Lidar ដែលមានតម្លៃថ្លៃ។ មនុស្សយន្តនេះ ប្រើប្រាស់នូវខួរក្បាលដែលហៅថា Vayu Sense មានសមត្ថភាពចាប់សញ្ញារូបភាព CMOS ជាមួយនឹងរូបភាពគណនាកម្រិតខ្ពស់ និងមានបច្ចេកវិទ្យាអាចបង្រៀនកុំព្យូទ័ររបស់រ៉ូបូតស្វែងយល់ពីបទពិសោធន៍ធ្លាប់ធ្វើកន្លងមក ដែលអាចឲ្យវាយល់ដឹងកាន់តែស៊ីជម្រៅ ដំណើរការរាវរកវត្ថុប្រកបដោយប្រសិទ្ធិភាព ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក។
The One ត្រូវបានបង្កើតឡើងមក មានកង់ចំនួនបួន អាចដឹកទំនិញបានជាង ៤៥គីឡូក្រាម និងអាចធ្វើដំណើរក្នុងរយៈល្បឿន ៣២គីឡូម៉ែត្រក្នុងមួយម៉ោង សាកថ្មម្តងដឹកទំនិញពីហាងទៅផ្ទះអតិថិជនបានប្រមាណចន្លោះពី ៩៦គីឡូម៉ែត្រ ទៅ ១១២គីឡូម៉ែត្រ តាមស្ថានភាពចារាចរណ៍ជាក់ស្តែង។
រ៉ូបតដឹកទំនិញនេះ មានកម្ពស់ជិតមួយម៉ែត្រ ប្រវែងបណ្តោយជាងមួយម៉ែត្រកន្លះ និងមានទទឹងជាងប្រាំមួយសង់ទីម៉ែត្រ រូបរាងតូចល្មម មិនបង្កការកកស្ទះ និងឆាប់រហ័សក្នុងការធ្វើដំណើរទៅដល់គោលដៅ។ វាអាចទៅដល់គោលដៅដោយស្វ័យប្រវត្តិ ទោះបីស្ថិតនៅទីប្រជុំជនមានមនុស្សរស់នៅច្រើន អាចផ្ទុកទំនិញដែលអតិថិជនបានបញ្ជាទិញ ហើយដឹកជញ្ជូនដល់មុខផ្ទះ។ ពេលទៅដល់គោលដៅ The One បើកទ្វារចំហៀងដោយស្វ័យប្រវត្តិ ហើយប្រើដៃយន្តដើម្បីបញ្ចេញកញ្ចប់ទំនិញ។
សូមជម្រាបថា Vayu Robotics បានទទួលអជ្ញាបណ្ណរួចរាល់ហើយ ក្នុងការដាក់ពង្រាយរ៉ូបូតប្រភេទនេះប្រមាណ ២ ៥០០គ្រឿងនៅតាមបណ្តាក្រុមហ៊ុនមួយចំនួន ដោយចាប់ផ្តើមនៅ San Raman រដ្ឋ California ជាជំហានដំបូង ទម្រាំឆ្ពោះទៅចែកចាយនៅទូទាំងសហរដ្ឋអាមេរិក និងអាចឈានរហូតដល់ជុំវិញពិភពលោកថែមទៀត។