លោក Bernard Arnault ម្ចាស់ក្រុមហ៊ុនផលិតផលិតផលប្រណីត LVMH គឺជាមហាសេដ្ឋីពិភពលោកមួយរូប មានទ្រព្យរហូតដល់ទៅ ២០០ពាន់លានដុល្លារ។ បុរសវ័យ ៧៥ឆ្នាំរូបនេះមានកូនចំនួន ៥នាក់រួមមានលោកស្រី Delphine, លោក Antoine, លោក Alexandre, លោក Frédéric និងលោក Jean ដែលសុទ្ធសឹងតែជាអ្នកជំនួញ ជាដៃជាជើងជួយគ្រប់គ្រងអាជីវកម្មដ៏ធំសម្បើមរបស់ឳពុកខ្លួន។

លោកស្រី Delphine Arnault គឺជាកូនស្រីច្បងរបស់លោក Bernard ដែលបច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ (កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥) ហើយបើផ្អែកតាមកាសែត Women’s Wear Daily បានឲ្យដឹងថា នៅឆ្នាំ២០០០ លោកស្រីបានចូលធ្វើការក្នុងអាជីវកម្មគ្រួសារ ជានាយកផ្នែកអភិវឌ្ឍន៍នៅ John Galliano ហើយមួយឆ្នាំក្រោយមកទៀត ក៏ផ្លាស់ទៅធ្វើការនៅ Dior ជានាយកពាណិជ្ជអស់រយៈពេល ១២ឆ្នាំ និងបន្ទាប់មកក៏ជានាយកគ្រប់គ្រងរង មុនពេលចូលកាន់តួនាទីជាអនុប្រធានប្រតិបត្តិនៅ Louis Vuitton នៅក្នុងឆ្នាំ២០១៣ ។ នៅខែមករា ឆ្នាំ២០២៣ លោក Bernard ជាឳពុកបានចាត់តាំងកូនស្រី ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនម៉ាកយីហោប្រណីត Christian Dior ផងដែរ។

រីឯលោក Antoine Arnault បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំ (កើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧) ក៏គ្មានខុសអ្វីនឹងបងស្រីដែរ ដោយធ្វើការនៅក្នុងទ្រនំក្រុមហ៊ុន LVMH ដូចគ្នា។ លោកចូលធ្វើការនៅក្រុមហ៊ុនដំបូង ផ្នែកផ្សាយពាណិជ្ជកម្មនៅឆ្នាំ២០០៥ មុនពេលត្រូវបានតែងតាំងជានាយកផ្នែកទំនាក់ទំនង នៅឆ្នាំ២០០៧ នេះបើតាមការឲ្យដឹងពី Business of Fashion ។ ម្យ៉ាងវិញទៀត បើយោងតាម WWD បានចុះផ្សាយថា កាលពីមួយឆ្នាំមុន លោកក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ Christian Dior SE ខណៈតួនាទីនាពេលបច្ចុប្បន្ន រូបលោកជាប្រធានក្រុមហ៊ុន Loro Piana និងជាប្រធានផ្នែកទំនាក់ទំនង និងរូបភាពនៅ LVMH ក្រោយពីបានលាឈប់ជានាយកប្រតិបត្តិក្រុមហ៊ុន Berluti នៅឆ្នាំ២០២៣ ។

ទន្ទឹមនឹងនោះ លោក Alexandre Arnault វិញបច្ចុប្បន្នមានវ័យ ៣២ឆ្នាំ (កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩២) ត្រូវបានគេដឹងថា ជាអតីតនាយកប្រតិបត្តិ Rimowa ក្រោយត្រូវបានតែងតាំងនៅខែតុលា ឆ្នាំ២០១៦ ។ យ៉ាងណានៅខែមករា ឆ្នាំ២០២១ លោកបានចាកចេញពី Rimowa ដើម្បីជួយជ្រោមជ្រែងក្រុមហ៊ុន Tiffy & Co ក្នុងនាមជាអនុប្រធានប្រតិបត្តិផ្នែកផលិតផល និងទំនាក់ទំនង នេះបើយោងតាម Business Insider ។

ចំណែកឯលោក Frédéric Arnault បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ (កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥) ។ កាលរៀននៅមហាវិទ្យាល័យ លោកធ្លាប់បានចុះធ្វើកម្មសិក្សានៅ McKinsey & Company និង Facebook មុនពេលចូលកាន់តំណែងជាប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុនផលិតនាឡិកាដៃប្រណីត TAG Heuer ហើយបន្ទាប់មកក៏ឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ល្បីនេះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវបានតែងតាំងជានាយកគ្រប់គ្រងក្រុមហ៊ុន Financiere Agache កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗផងដែរ។

រីឯកូនប្រុសពៅរបស់មហាសេដ្ឋីបារាំង គឺលោក Jean Arnault បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ (កើតនៅខែតុលា ឆ្នាំ១៩៩៨) ។ ផ្តើមការងារដំបូង រូបលោកធ្លាប់បានហាត់ការនៅ McLaren Racing និង Morgan Stanley មុនពេលចូលរួមក្នុងអាជីវកម្មគ្រួសារ Louis Vuitton នៅក្នុងឆ្នាំ២០២១ ជានាយកផ្នែកទីផ្សារ និងការអភិវឌ្ឍន៍ ផ្នែកនាឡិកា។
សូមជម្រាបជូនផងដែរថា នៅឆ្នាំ១៩៧៣ មហាសេដ្ឋីបារាំងលោក Bernard Arnault បានរៀបការជាមួយភរិយាលោកស្រី Anne Dewavrin ដោយមានកូនប្រុសស្រីពីរនាក់ជាចំណងដៃនោះគឺ លោកស្រី Delphine និងលោកAntoine ។ យ៉ាងណា ប្តីប្រពន្ធមួយគូនេះបានដើរដល់ទីបញ្ចប់ ហើយក្រោយលែងលះបានមួយឆ្នាំ អ្នកជំនួញមានទ្រព្យកប់ពពករូបនេះ បានរៀបការជាលើកទីពីរជាមួយលោកស្រី Hélène Mercier ជាតន្ត្រីករជំនាញព្យ៉ាណូ និងមានកូនដំបូងឈ្មោះ Alexandre នៅឆ្នាំ១៩៩០ ហើយក្រោយមកបានកូនប្រុសពីរនាក់ទៀតមានលោក Frédéric និងលោក Jean ៕
