នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅខែក្រោយ បន្ទាប់ពីទទួលបានការមិនពេញចិត្តជាសាធារណៈ ជុំវិញរឿងអាស្រូវនយោបាយ និងការកើនឡើងតម្លៃនៃការរស់នៅ ដែលធ្វើឲ្យអាណត្តិរយៈពេលបីឆ្នាំរបស់លោកស្ថិតនៅក្នុងសម្ពាធយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទន្ទឹមនឹងនេះ លោក Kishida បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការមិនឈរឈ្មោះជាមេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ (LDP) ទៀតនោះឡើយ និងថែមទាំងបាននិយាយទៀតថា ៖”នយោបាយមិនអាចដំណើរការទៅ ដោយគ្មានទំនុកចិត្តពីសាធារណជនបានទេ។ ខ្ញុំបានធ្វើការសម្រេចចិត្តដ៏សំខាន់នេះ ដោយគិតដល់សាធារណជនមុនគេ ជាមួយនឹងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកំណែទម្រង់នយោបាយទៅមុខទៀត”។
ប្រជាប្រិយភាពរបស់លោក Kishida បានចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២១ មក ខណ:ពេលដែលលោកបានប្រឈមមុខនឹងការមិនសប្បាយចិត្តជាសាធារណៈចំពោះការបរាជ័យនៃការកែសម្រួលប្រាក់ឈ្នួលដើម្បីរក្សាល្បឿនជាមួយនឹងការកើនឡើងនៃថ្លៃរស់នៅ ស្របពេលជប៉ុនបានរងសម្ពាធជាមួយវិបត្តិអតិផរណាជាច្រើនឆ្នាំ។
គួរដឹងផងដែរថា គណបក្ស LDP នឹងរៀបចំការប្រកួតប្រជែងថ្មីមួយ នៅខែកញ្ញាខាងមុខ ដើម្បីស្វែងរកអ្នកជំនួសតំណែងរបស់លោក Kishida ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងបន្តធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។
ជម្រាបជូនផងដែរថា ចំពោះបេក្ខភាពសំខាន់ៗដែលត្រូវបានគេយល់ថានឹងមកជំនួសតំណែងរបស់លោក Kishida រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba បន្ទាប់លោកធ្លាប់បានបង្ហាញថា ចង់ចូលកាន់តំណែងនេះ ប្រសិនបើលោកអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ រួមជាមួយបេក្ខភាពផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីឌីជីថល លោក Taro Kono និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Shinjiro Koizumi ផងដែរ៕