សភារបស់ប្រទេសថៃ បានប្រកាសថានឹងបើកកិច្ចប្រជុំនាថ្ងៃសុក្រ ទី១៦ ខែសីហា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការបានសម្រេចដកលោក Srettha Thavisin ចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធកន្លងទៅ បានចេញសេចក្តីសម្រេចដកលោក Srettha Thavisin ចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីបទបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ដែលបានបង្កឲ្យមានភាពចលាចលក្នុងជួរនយោបាយ និងផ្តល់ការរង្គោះរង្គើក្នុងសម្ព័ន្ធភាពគ្រប់គ្រង។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅក្រោយលោក Srettha ធ្លាក់ចេញពីតំណែងថា ក្រុមចម្រុះដែលកំពុងកាន់អំណាច នៅតែមានភាពរឹងមាំ ហើយថាគណបក្សភឿថៃគួរតែបន្តដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Reuters បានចុះផ្សាយថា គណបក្សភឿថៃនឹងបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួន សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី ដោយក្នុងនោះ លោក Chaikasem Nitisiri ដែលជាអតីតអគ្គមេធាវី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយលោកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សុទ្ធសឹងតែស្ថិតនៅក្នុងបេក្ខភាពកំពូលរបស់បក្ស៕