យោងតាមស្ថិតិផ្លូវការមួយរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ពលរដ្ឋនូវែលសេឡង់ កំពុងនាំគ្នាសម្រុកចាកចេញពីប្រទេសក្នុងចំនួនកំណត់ត្រា ស្របពេលអត្រាអត់ការងារធ្វើបន្តកើនឡើង ខណ:អត្រាការប្រាក់នៅតែមានកម្រិតខ្ពស់ ហើយកំណើនសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទិន្នន័យដែលបានចេញផ្សាយដោយស្ថិតិផ្លូវការរបស់នូវែលសេឡង់ កាលពីថ្ងៃអង្គារ បានបង្ហាញថាមនុស្សជាង ១៣ ម៉ឺននាក់ បានចាកចេញពីប្រទេសនូវែលសេឡង់ ក្នុងឆ្នាំដែលបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ខណ:ប្រហែលមួយភាគបីនៃចំនួនទាំងនេះគឺបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
គួរឲ្យដឹងថា ចំនួនអ្នកចំណាកស្រុក បើធៀបទៅនឹងចំនួនអ្នកចូលមកកាន់ប្រទេសវិញ នៅតែមានកម្រិតខ្ពស់ ព្រោះតែចំនួនជនបរទេសដែលចង់មករស់នៅប្រទេសនូវែលសេឡង់ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែសេដ្ឋកិច្ចមានភាពទន់ខ្សោយ។
ជម្រាបជូនថា សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ កំពុងជួបបញ្ហាជាច្រើន បន្ទាប់ពីធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់ដល់ ៥២១ ពិន្ទុ ពីអត្រាមូលដ្ឋាន នៅក្នុងការរឹតបន្តឹងដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីអត្រាការប្រាក់ជាផ្លូវការត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៩។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានកម្រិតត្រឹមតែ ០,២% ប៉ុណ្ណោះនៅក្នុងត្រីមាសទីមួយ ខណ:អត្រាអត់ការងារធ្វើបានកើនឡើងដល់ ៤,៧% នៅក្នុងត្រីមាសទី២ និងអត្រាអតិផរណានៅតែកម្រិតខ្ពស់ ៣,៣% ៕