ក្រសួងហិរញ្ញវត្ថុ (MOF) របស់ប្រទេសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហាកន្លងទៅថា ប្រជាជនពេញវ័យជាង ២,៤ លាននាក់នឹងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ ដែលជាផ្នែកមួយនៃវិធាការដើម្បីជួយដល់ការចំណាយលើការរស់នៅប្រចាំថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រសួងហិរញ្ញវត្ថុ បាននិយាយទៀតថា ប្រជាជនសិង្ហបុរីដែលមានសិទ្ធិ នឹងទទួលបានទឹកប្រាក់ចន្លោះពី ២០០ដុល្លារសិង្ហបុរី (ប្រហែល ១៥១ដុល្លារអាមេរិក) ទៅ ៤០០ដុល្លារសិង្ហបុរី នៅខែក្រោយ។
កញ្ចប់ទឹកប្រាក់នៅឆ្នាំ២០២៤នេះ នឹងផ្តល់ឲ្យប្រជាជនសិង្ហបុរីទាំងអស់ដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅ ជាមួយនឹងលក្ខខណ្ឌប្រាក់ចំណូលដែលពួកគេរកបានមិនលើសពី ១សែនដុល្លារសិង្ហបុរី ក្នុងឆ្នាំ២០២៣ និងមានផ្ទះមិនលើសពីមួយខ្នង។
គួរឲ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានប្រកាសជាលើកដំបូង នៅឆ្នាំថវិកាជាតិ២០២០ ដើម្បីជួយទូទាត់ដល់ការចំណាយលើទំនិញ និងផ្នែកសេវាកម្មបន្ថែម (GST) របស់ពលរដ្ឋ ខណ:ផែនការនេះ មានរយ:ពេល ៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានប្រកាសថារដ្ឋាភិបាលនឹងបេ្តជ្ញាបង្កើនកញ្ចប់ថវិកាចំនួន ១,៩ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀត នៅឆ្នាំ២០២៤នេះ ដើម្បីជួយដោះស្រាយលើថ្លៃនៃការរស់នៅដែលកំពុងហក់ឡើងខ្ពស់៕