ផែនការជំរុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ ដែលជាការផ្តល់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ត្រូវបានគេយល់ឃើញថាអាចនឹងត្រូវលុបចោលវិញ ក្រោមការដឹកនាំរបស់លោកស្រី Paetongtan Shinawatra ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
គួរឲ្យដឹងថា សភារបស់ប្រទេសថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ បានសម្រេចបោះឆ្នោតជ្រើសរើសយកលោកស្រី Paetongtarn ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការធម្មនុញ្ញប្រកាសដកតំណែងលោក Srettha Thavisin។
ទន្ទឹមនឹងនេះ យោងតាមប្រភពនៅក្នុងស្រុកមួយ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានប្រាប់កូនស្រីរបស់លោក ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ គឺលោកស្រី Paetongtarn ឲ្យលុបផែនការចែកលុយឌីជីថលដ៏ចម្រោងចម្រាសនេះចោលវិញ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក ថាក់ស៊ីន បានពន្យល់ប្រាប់ទៅកាន់កូនស្រីរបស់លោកថាគម្រោងនេះគួរតែត្រូវបានបញ្ឈប់ ស្របពេលដែលសេដ្ឋកិច្ចរបស់ថៃនៅមានភាពទន់ខ្សោយខ្លាំងនៅឡើយ ខណ:កន្លងមកក៏មានការខ្វែងគំនិតគ្នាជាច្រើន រួមទាំងជាមួយធនាគារកណ្តាល និងសមាជិកសភាមួយចំនួន ជុំវិញការផ្តល់មូលនិធិ ក៏ដូចជាផលប៉ះពាល់លើអតិផរណា ផងដែរ។
ជម្រាបជូនថា ពលរដ្ឋថៃជិត ៣០ លាននាក់បានចុះឈ្មោះរួចហើយដើម្បីទទួលបានការផ្តល់ជូនជាសាច់ប្រាក់ចំនួន ១ម៉ឺនបាត ក្នុងម្នាក់ដែលមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅ មុនពេលផែនការនេះ ត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងខែវិច្ឆិកា ខាងមុខ។ ហើយប្រសិនបើផែនការនេះ ត្រូវលុបចោលវិញ នោះរដ្ឋាភិបាលថ្មី ប្រហែលជានឹងដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចដោយផ្ទាល់ផ្សេងទៀតដើម្បីជំនួសវិញ៕