អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទទួលការលើកលែងទោសពីព្រះមហាក្សត្រ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទើបនឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រជាលើកទី២ ដោយលើកនេះលោកទទួលបានការកាត់បន្ថយទោសទណ្ឌរយៈពេល ២សប្ដាហ៍បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា តាមរយៈការលើកលែងទោសដំបូងកាលពីខែកុម្ភៈ លោក ថាក់ស៊ីន នឹងត្រូវមានសេរីភាពនៅចុងខែសីហានេះ ក៏ប៉ុន្តែជាមួយនឹងការលើកលែងទោសថ្មីនេះ អតីតនាយករដ្ឋមន្ត្រីថៃ នឹងទទួលបានសិទ្ធសេរីភាពពេញលេញត្រឹមចុងសប្ដាហ៍នេះវិញ។

គួររំលឹកបន្តិចថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដំបូងឡើយត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារយៈពេល ៨ឆ្នាំ ក្រោយបានវិលត្រឡប់មកជាន់ដីប្រទេសថៃកាលពីខែសីហា ឆ្នាំ២០២៣ តែលោកត្រូវបានព្រះមហាក្សត្រ Maha Vajiralongkorn ព្រះរាជទានទោស ឲ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹមរយៈពេលមួយឆ្នាំ ក្រោមមូលហេតុកត្តាវ័យចំណាស់។

សូមជម្រាបបន្ថែមថា ដំណឹងនៃការលើកលែងទោសរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ គឺកើតឡើងភ្លាមៗ បន្ទាប់ពីកូនស្រីពៅ អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត្រា ត្រូវបានរដ្ឋសភា តែងតាំងជានាយករដ្ឋមន្ត្រីថៃទី៣១ និងជាសមាជិកត្រកូលស៊ីណាវ៉ាត្រាទី៣ ដែលបានកាត់តំណែងមួយនេះ បន្ទាប់ពីឪពុក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកមីង យីងឡាក់ ស៊ីណាវ៉ាត្រា៕