កាលពីដើមខែមិថុនា ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្តទំនើបសេរី Tundra និង Lexus LX600 ប្រមាណជាង ១០០ ០០០គ្រឿង ចូលរោងចក្រវិញ ក្រោយរកឃើញថា រថយន្តទាំងនោះមានបញ្ហាម៉ាស៊ីន ដែលអាចបណ្ដាលឲ្យរលត់ភ្លាមៗ អំឡុងពេលបើកបរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ក្រុមហ៊ុនខ្នាតយក្សជប៉ុននេះ បានព្យាយាមរកដំណោះស្រាយចំពោះបញ្ហាមួយនេះ តែជាលទ្ធផលពួកគេប្រកាសថា ត្រូវតែមានការរុះរើ និងប្ដូរម៉ាស៊ីនថ្មី សម្រាប់រថយន្តនីមួយៗតែម្ដង។
គួររំលឹកបន្តិចថា បញ្ហាម៉ាស៊ីនដែលរថយន្តទំនើបទាំងនេះកំពុងជួបប្រទះ គឺបណ្ដាលមកពីកាកសំណល់ អំឡុងពេលផលិតរថយន្តបានធ្លាក់ចូលក្នុងម៉ាស៊ីនរថយន្ត ដែលបង្កជាផលប៉ះពាល់ផ្សេងៗដូចជា មានសម្លេងរំខានពីម៉ាស៊ីនរថយន្ត និងការបើកបរមិនមានភាពរលូនជាដើម។
រថយន្តទំនើបដែលក្រុមហ៊ុន Toyota កំពុងប្រមែប្រមូលយកមកជួសជុលឡើងវិញ គឺមានដូចជា រថយន្ត Tundra ប្រហែល ១០ម៉ឺនគ្រឿង និងរថយន្ត Lexus LX600 ចំនួន ៣ ៥០០គ្រឿង ដែលផលិតឡើងក្នុងឆ្នាំ២០២២ និង២០២៣ ខណៈរថយន្តទាំងនោះ គឺជាប្រភេទរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈសុទ្ធ ហើយចំពោះការផ្លាស់ប្ដូរម៉ាស៊ីនរថយន្តថ្មីនេះ ក៏មិនមានការបង់ប្រាក់បន្ថែមពីអតិថិជនផងដែរ៕