ក្រុមហ៊ុន BMW ប្រមូលរថយន្តជាង ១លានគ្រឿងនៅចិន ក្រោយរកឃើញបញ្ហាពោងខ្យល់

អន្តរជាតិ

កាលពីថ្ងៃទី១៦ ខែសីហា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW រួមជាមួយដៃគូសហការ នៅក្នុងប្រទេសចិនបានប្រមូលរថយន្តប្រមាណ ១,៣៦លានគ្រឿង ចូលរោងចក្រដើម្បីជួសជុល ក្រោយរកឃើញមានបញ្ហាពោងខ្យល់សុវត្ថិភាព មានលក្ខណៈមិនប្រក្រតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្តដែលត្រូវប្រមូលចូលឃ្លាំងវិញនោះ គឺជារថយន្តដែលផលិតចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ២០១៧ និងបំពាក់ពោងខ្យល់សុវត្ថិភាពម៉ាក Takata ខណៈរថយន្តដែលផលិតនៅចិនមានប្រហែល ៦០០ ០០០គ្រឿង និងរថយន្តនាំចូលមានប្រមាណ ៧៦០ ០០០គ្រឿង។

ចំពោះដំណោះស្រាយបញ្ហាមួយនេះ ក្រុមហ៊ុន BMW នឹងផ្លាស់ប្ដូរពោងខ្យល់សុវត្ថិភាព និងចង្កូតរថយន្តថ្មី ជូនអតិថិជនដោយឥតគិតថ្លៃ ក៏ដូចជាពិនិត្យលើបញ្ហាផ្សេងៗទៀត មុនបញ្ជូនត្រឡប់ទៅកាន់អ្នកប្រើប្រាស់វិញផងដែរ។

សូមជម្រាបដែរថា សម្រាប់បញ្ហាពោងខ្យល់សុវត្ថិភាពនេះ មិនមែនកើតមានឡើងតែលើរថយន្ត BMW នៅប្រទេសចិនឡើយ ពោលក្រុមហ៊ុនអាល្លឺម៉ង់នេះ ក៏ធ្លាប់បានប្រមូលរថយន្តជិត ៤០០ ០០០គ្រឿង នៅអាមេរិកមកជួសជុលវិញ ក្រោមបញ្ហាដូចគ្នានៅសហរដ្ឋអាមេរិកផងដែរ៕