សហស្ថាបនិកក្រុមហ៊ុន Tesla Inc លោក Elon Musk បានទម្លាក់មហាសេដ្ឋី Bill Gates ក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោក ។
ទ្រព្យសម្បត្តិសុទ្ធរបស់សហគ្រិនវ័យ ៤៩ ឆ្នាំរូបនេះបានកើនឡើងពី ៧.២ ពាន់លានដុល្លារទៅ ១២៧.៩ ពាន់លានដុល្លារដែលរកបានពីការឡើងថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។

លោក Musk បានបន្ថែមប្រាក់ ១០០.៣ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់គាត់នៅឆ្នាំនេះនៅក្នុងតារាង Bloomberg Billionaires Index ដែលជាតារាងចំណាត់ថ្នាក់របស់អ្នកមានបំផុត ៥០០ នាក់នៅលើពិភពលោក ខណៈនៅខែមករាគាត់បានជាប់ចំណាត់ថ្នាក់ទី ៣៥ ។
ការបង្កើនទ្រព្យសម្បត្តិរបស់គាត់ត្រូវបានជំរុញភាគច្រើនដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលតម្លៃទីផ្សារបានកើនឡើងដល់ ៥០០ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងបន្ថែមទៀតកាលពីថ្ងៃអង្គារ ។
ប្រហែល ៣ ភាគ ៤ នៃទ្រព្យសម្បត្តិសុទ្ធរបស់គាត់គឺមានភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលមានតម្លៃច្រើនជាងបួនដងនៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Space Exploration Technologies Corp ឬ SpaceX ។


ទន្ទឹមនោះការឡើងចំណាត់ថ្នាក់របស់លោក Musk គឺជាលើកទី ២ ហើយនៅក្នុងប្រវត្តិរយៈពេល ៨ ឆ្នាំដែលធ្វើឲ្យសហស្ថាបនិកក្រុមហ៊ុន Microsoft Corp ទទួលបានចំណាត់ថ្នាក់ក្រោមលេខ ២ ។ គាត់បានកាន់កាប់តំណែងកំពូលអស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រូវបានផ្តួលដោយស្ថាបនិកក្រុមហ៊ុន Amazon.com Inc លោក Jeff Bezos ក្នុងឆ្នាំ ២០១៧ ។
ទ្រព្យសម្បត្តិដ៏សុទ្ធរបស់លោក Bill Gates គឺ ១២៧.៧ ពាន់លានដុល្លារ ហើយនឹងច្រើនជាងនេះ ប្រសិនបើគាត់មិនបានបរិច្ចាគយ៉ាងច្រើនដល់សប្បុរសធម៌ប៉ុន្មានឆ្នាំមកនេះ ។ លោកបានផ្តល់ប្រាក់ជាង ២៧ ពាន់លានដុល្លារដល់មូលនិធិរបស់លោកចាប់តាំងពីឆ្នាំ ២០០៦ ៕


ប្រភព៖ កម្ពុជាថ្មី http://kampucheathmey.com/global-news/17603/