ក្រុមហ៊ុនរថយន្តកំពូលរបស់ចិន BYD បានប្រកាសថា ពួកគេនឹងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូង នៅក្នុងប្រទេសប៉ាគីស្ថាន និងចែកចាយលក់តាមរយៈដៃគូសហការ Mega Motors។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សដំបូង ដែលហ៊ានឈានជើងចូលទីផ្សារប្រទេសប៉ាគីស្ថាន ដែលកំពុងមានកង្វះខាតខ្លាំង ចំពោះស្ថានីយសាករថយន្តអគ្គិសនី។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន BYD ក៏មានផែនការធំមួយទៀត គឺបើកសាខា និងតំណាងចែកចាយលក់រថយន្តដល់ទៅ ៣ទីតាំង នៅ ៣ទីក្រុងក្នុងប្រទេសប៉ាគីស្ថាន ដែលមានដូចជាទីក្រុង Karachi, Lahore និងទីក្រុង Islamabad ជាដើម។
គួររំលឹកបន្តិចថា BYD គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនបំផុតលើលោក ហើយបច្ចុប្បន្នក្រុមហ៊ុនចិនកំពូលនេះ កំពុងដណ្ដើមចំណែកទីផ្សាររថយន្តអគ្គិសនីជាច្រើនទូទាំងសកលលោក ពោលគឺមានទីតាំងនៅច្រើនជាង ៥០ប្រទេសរួចទៅហើយ៕