ម៉ាឡេស៊ី រំពឹងទាក់ទាញការវិនិយោគបៃតងឲ្យបាន ៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០

អន្តរជាតិ

យោងតាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) បាននិយាយកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅថា ប្រទេសម៉ាឡេស៊ី កំពុងកំណត់គោលដៅទាក់ទាញការវិនិយោគបៃតងឲ្យបានដល់ ៣០០ពាន់លានរីងហ្គីត ឬប្រមាណ ៧០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួង MITI លោក Zafrul Abdul Aziz បានបង្ហាញឲ្យដឹងថា គិតនៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ ម៉ាឡេស៊ី បានទាក់ទាញការវិនិយោគបៃតងនេះ បានចំនួន ៤០ពាន់លានរីងហ្គីតរួចទៅហើយ ខណ:ការវិនិយោគនេះគឺចាំបាច់បំផុតសម្រាប់ម៉ាឡេស៊ី ដើម្បីឆ្ពោះទៅរកការបំភាយកាបូនសូន្យនាពេលអនាគត។

ទន្ទឹមនឹងនេះ លោក Zafrul បានសង្កត់ធ្ងន់ទៀតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រេចបាននូវគោលដៅនៃការវិនិយោគបៃតងឲ្យបានចំនួន ៣០០ពាន់លានរីងហ្គីត នៅឆ្នាំ២០៣០ ដើម្បីធ្វើឲ្យប្រទេសរបស់ខ្លួន អាចឈានដល់ការបំភាយកាបូនកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០។

រដ្ឋមន្ត្រីរក្រសួង MITI រូបនេះ ក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគបៃតងភាគច្រើនរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរួមចំណែកដោយវិស័យថាមពលកកើតឡើងវិញ (RE) និងវិស័យរថយន្តអគ្គិសនី (EV)។

ជម្រាបជូនផងដែរថា តាមរយ:គោលដៅខាងលើ លោក Zafrul សង្ឃឹមថា ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី នឹងយល់ព្រមអនុម័តលើទឹកប្រាក់លើកទឹកចិត្តដែលស្នើឡើងដោយ MITI នៅក្នុងថវិកាជាតិឆ្នាំ២០២៥ ខាងមុខ ដើម្បីគាំទ្រដល់ក្រុមហ៊ុននានា ក្នុងការផ្លាស់ប្តូរទៅកាន់ថាមពលបៃតង។ ហើយ MITI ក៏សង្ឃឹមផងដែរថាក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តទាំងនេះ សម្រាប់ដំណើរការផ្លាស់ប្តូរនាពេលអនាគត៕