មហាសេដ្ឋីអង់គ្លេស Mike Lynch រួមជាមួយមនុស្ស ៥នាក់ទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍លិចនាវាផ្ទាល់ខ្លួន ដោយសារជួបប្រទះនឹងគ្រោះថ្នាក់ខ្យល់ព្យុះកាលពីថ្ងៃទី១៩ ខែសីហា។
យោងតាមការចុះផ្សាយពីគេហទំព័រ AP បានបង្ហាញថា នាវាដែលបានលិចនោះ មានផ្ទុកអ្នកដំណើរចំនួន ១២នាក់ និងបុគ្គលិកប្រហែល ១០នាក់ ហើយបច្ចុប្បន្នក្រុមប៉ូលិស បានជួយសង្គ្រោះភរិយាមហាសេដ្ឋីរូបនេះ និងបុគ្គលចំនួន ១៤រូបទៀតរួចហើយ និងមានមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយនេះ។
ក្រុមប៉ូលិសបានឲ្យដឹងថា នាវារបស់លោក Mike បានចតនៅជិតឆ្នេរ Porticello នៃប្រទេសអ៊ីតាលី ដែលមានជម្រៅទឹកប្រហែល ៥០ម៉ែត្រ ហើយខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង ដែលធ្វើឲ្យនាវាមួយនោះលិចភ្លាមៗ។
សូមជម្រាបដែរថា បច្ចុប្បន្នក្រុមប៉ូលិសកំពុងខ្នះខ្នែងស្វែងរកក្រុមមនុស្សដែលបានបាត់ខ្លួន នៅក្នុងហេតុការណ៍មួយនេះ ខណៈមនុស្សមួយក្រុមដែលបានសង្គ្រោះរួចរាល់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីតាមដានសុខភាពផងដែរ៕