នាថ្ងៃទី២០ ខែសីហា គណបក្សកាន់អំណាចនៃប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរីបានប្រកាសថា ពួកគេនឹងជ្រើសរើសមេដឹកនាំថ្មីនាថ្ងៃទី២៧ ខែកញ្ញា ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រី លោក Fumio Kishida។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ដំណឹងនៃការជ្រើសរើសក្បាលម៉ាស៊ីនបក្សថ្មី ធ្វើឡើងត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសមិនឈរឈ្មោះបោះឆ្នោតម្ដងទៀតកាលពីសប្ដាហ៍មុន។
លោក Fumio Kishida បានប្រកាសកាលពីថ្ងៃទី១៤ ខែសីហាថា លោកនឹងមិនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀតឡើយ ដែលមានន័យថា ការដឹកនាំរបស់លោកនឹងត្រូវផុតកំណត់នាខែកញ្ញាខាងមុខ បន្ទាប់ពីដឹកនាំប្រទេសបានត្រឹមរយៈពេល ៣ឆ្នាំ។
គួររំលឹកបន្តិចថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីរូបនេះ ចាប់ផ្ដើមស្រុតចុះជាខ្លាំង បន្ទាប់ពីគោលនយោបាយកាត់បន្ថយអត្រាអតិផរណា ដែលមានតម្លៃប្រហែល ១០០ពាន់លានដុល្លារបានបរាជ័យ ដែលធ្វើឲ្យប្រជាជនហាក់អស់ជំនឿចិត្ត លើការដឹកនាំប្រទេសរបស់លោក៕