EU អនុម័តលើកញ្ចប់ជំនួយរដ្ឋអាល្លឺម៉ង់ សម្រាប់រោងចក្រផលិតបន្ទះឈីបតម្លៃ ១១ពាន់លានដុល្លារ របស់ TSMC

អន្តរជាតិ

ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី២០ ខែសីហាកន្លងទៅ បានចាប់ផ្តើមគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបកុំព្យូទ័រថ្មីដ៏ធំមួយ នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានរំពឹងថានឹងក្លាយជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់ដល់ឧស្សាហកម្មអឺរ៉ុប និងក្រុមហ៊ុនផលិតរថយន្ត EV ​ជាច្រើន បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប បានយល់ព្រមអនុម័តលើកញ្ចប់ជំនួយរបស់រដ្ឋអាល្លឺម៉ង់ចំនួន ៥,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ជំនួយដ៏ធំសម្រាប់គម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន TSMC ដែលនឹងត្រូវចំណាយសរុបអស់ប្រហែល ១១ពាន់លានដុល្លារនេះ ត្រូវបានគេចាត់ទុកថាជាជំនួយដ៏ធំបំផុតមិនធ្លាប់មានដែលត្រូវបានអនុម័ត ក្រោមច្បាប់បន្ទះឈីបថ្មីរបស់ EU និងជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់។

គួរឲ្យដឹងថា រោងចក្រផលិតឈីបថ្មីនៅអាល្លឺម៉ង់របស់ក្រុមហ៊ុន TSMC គឺជារោងចក្រទី៣ របស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋានផលិតកម្មនៅខាងក្រៅកោះតៃវ៉ាន់ និងប្រទេសចិន។ រោងចក្រថ្មីនេះ ក៏ជាចំណុចស្នូលនៃមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៊ែកឡាំង ក្នុងការជំរុញឧស្សាហកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសសង្វាក់ផលិតកម្មរថយន្ត EV ដើម្បីរក្សាការប្រកួតប្រជែងជាសកល។

ជម្រាបជូនថា TSMC បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា European Semiconductor Manufacturing Company (ESMC) ដើម្បីសាងសង់រោងចក្រថ្មីនេះ ដោយក្នុងនោះក្រុមហ៊ុនអឺរ៉ុប Robert Bosch, Infineon និង NXP កាន់កាប់ភាគហ៊ុន ១០% ម្នាក់៕