អូស្ត្រាលី អនុម័តគម្រោងតម្លៃជាង ១៣ពាន់លានដុល្លារ ដើម្បីនាំចេញថាមពលព្រះអាទិត្យទៅកាន់សិង្ហបុរី

អន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធ ទី២១ ខែសីហានេះ បានសម្រេចបន្តគម្រោងថាមពលព្រះអាទិត្យតម្លៃ ១៣,៥ពាន់លានដុល្លារ ដែលគ្រោងបញ្ជូនថាមពលពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន ទៅកាន់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៤ ៣០០ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Tanya Plibersek បាននិយាយថា គម្រោងតភ្ជាប់ថាមពលពីអូស្ត្រាលី ទៅកាន់តំបន់អាស៊ី របស់ក្រុមហ៊ុនក្នុងស្រុក SunCable នឹងអាចជួយបំពេញតម្រូវការដែលកំពុងកើនឡើង ជាពិសេសសម្រាប់ថាមពលកកើតឡើងវិញទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រី Plibersek បានបន្ថែមឲ្យដឹងទៀតថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ខ្លួន នឹងអាចបង្កើតអគ្គិសនីគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះចំនួន ៣ លាន ហើយថែមទាំងអាចបញ្ជូនចេញទៅកាន់ប្រទេសសិង្ហបុរីបាន ផងដែរ។

ទន្ទឹមនឹងនេះ បើយោងតាមក្រុមហ៊ុន SunCable បានបញ្ជាក់ថា ការសម្រេចចិត្តវិនិយោគចុងក្រោយរំពឹងថានឹងត្រូវធ្វើឡើង នៅឆ្នាំ២០២៧ ជាមួយនឹងការចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនី នៅដើមទសវត្សរ៍ឆ្នាំ២០៣០។

ជម្រាបជូនថា នៅពេលបញ្ចប់ គម្រោងនេះអាចផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ ដល់ឧស្សាហកម្មធំៗ នៅទីក្រុង Darwin ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី ផងដែរ៕