ក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិក Chevron មានគម្រោងចាយលុយប្រហែល ៨៣ពាន់លានរូពី ឬប្រហែល ៩៨៩លានដុល្លារ ដើម្បីវិនិយោគនៅក្នុងទីក្រុង Bengaluru នៃប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

ចំពោះការបណ្ដាក់ទុនថ្មីស្រឡាងនេះ ក្រុមហ៊ុន Chevron អះអាងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយនេះ នឹងបង្កើតការងាររហូតដល់ ៦០០កន្លែងនៅក្នុងតំបន់ផងដែរ។
ទន្ទឹមនឹងនោះ លោក Akshay Sahni ប្រធានក្រុមហ៊ុន Chevron នៅក្នុងប្រទេសឥណ្ឌា ក៏បានបង្ហើបដែរថា នេះគឺជាជំហានដំបូងប៉ុណ្ណោះ ដែលក្រុមហ៊ុនអាមេរិកខ្នាតយក្ស ត្រៀមវិនិយោគនៅឥណ្ឌា ពោលរយៈពេល ៥-៦ឆ្នាំខាងមុខ ក្រុមហ៊ុននឹងចាយលុយរាប់ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគបន្ថែមទៀត។
សូមជម្រាបដែរថា ក្រុមហ៊ុន Chevron គឺជាស្ដេចត្រាញ់លើវិស័យប្រេង ពោលគឺមានតម្លៃថ្លៃបំផុតលើលោកទី៣ នៅក្នុងវិស័យថាមពល ដែលមានមូលធនទីផ្សារប្រហែល ២៦៤ពាន់លានដុល្លារ៕