អតីតប្រធានាធិបតីដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីយប់ថ្ងៃអង្គារ ទី២០ ខែសីហា បានលើកឡើងថា អាមេរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំពូកទំព័រថ្មី ហើយពួកយើងក៏ត្រៀមខ្លួនរួចរាល់ដូចគ្នា ដែលហៅលោកស្រី កាមេឡា ហារីស (Kamala Harris) ជាប្រធានាធិបតី។

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Anadolu បានឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះ បានលើកឡើងនៅលើវេទិកាសន្និបាតជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុង Chicago រដ្ឋ Illinois ថា អាមេរិកគឺរួចរាល់ហើយសម្រាប់ការបើកទំព័រជំពូកថ្មី, អាមេរិកគឺរួចរាល់ហើយសម្រាប់ការធ្វើរឿងដ៏ល្អប្រសើរមួយ។ ដោយផ្តោតជាសំខាន់ចំពោះប្រវត្តិរបស់លោកស្រី កាមេឡា ហារីស លោកថា នាងធ្លាប់ជារដ្ឋអាជ្ញាធ្វើការតាមបណ្តាក្រុមហ៊ុនធំៗ ក៏ដូចជាធ្វើការនៅតាមស្ថាប័ន ដែលមានកិច្ចការងារពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារ។ លោកក៏បានសន្យាជាមួយគណបក្សប្រជាធិបតេ្យថា លោកស្រី ហារីស នឹងផ្តោតលើបញ្ហាទាំងអស់នោះ និងធ្វើការជូនប្រជាពលរដ្ឋអាមេរិកគ្រប់ៗរូប។

បន្ថែមពីនោះ លោកក៏បានស្ងើចសរសើរចំពោះមិត្តរួមការងាររបស់លោកស្រី ហារីស គឺលោក Tim Walz អភិបាលរដ្ឋ Minnesota គឺជាដៃគូដ៏ឆ្នើម ដែលប្រភេទមនុស្សដែលគួរតែនៅក្នុងជួរនយោបាយ ជាមនុស្សដែលកើតនៅទីក្រុងតូចមួយ តែបម្រើប្រទេសជាតិ បង្រៀនក្មេងៗ បង្វឹកបាល់ទាត់ ហើយក៏ជាមនុស្សយកចិត្តទុកដាក់ចេះមើលថែអ្នកនៅក្បែរខ្លួន។
គួរជម្រាបផងថា ដោយផ្អែកតាមសារព័ត៌មាន CBS និង YouGov បានបង្ហាញការស្ទង់មតិក្រៅផ្លូវការទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៦ ខែសីហ ថា ការគាំទ្រមកកាន់លោកស្រី កាមេឡា ហារីស ឲ្យក្លាយជាប្រធានាធិបតីមានចំនួនប្រហាក់ប្រហែល៤៩% រីឯការគាំទ្រចំពោះលោក ដូណាល់ ត្រាំ វិញមានត្រឹម៤៧% ប៉ុណ្ណោះ៕
