ក្រុមហ៊ុនផលិយរថយន្តអគ្គិសនីខ្នាតយក្សវៀតណាម VinFast កាលពីពេលថ្មីៗនេះ បានប្រកាសពន្យារពេលក្នុងការបើកបណ្តាញចែកចាយរថយន្តរបស់ខ្លួន នៅក្នុងប្រទេសថៃ ចំពេលកំពុងមានការធ្លាក់ចុះនៃការលក់រថយន្តដឹកអ្នកដំណើរ នៅក្នុងប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។
បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅសារព័ត៌មាន Bloomberg ក្រុមហ៊ុនរបស់វៀតណាម នឹងបន្តធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នបន្ថែមទៀត នៃពេលវេលាក្នុងការដាក់លក់រថយន្ត EV ដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ។
គួរឲ្យដឹងថា ការពន្យារពេលនេះបានកើតឡើងនៅពេលដែលទស្សនវិស័យសម្រាប់ទីផ្សាររថយន្ត EV ពិភពលោកកាន់តែមានភាពយ៉ាប់យ៉ឺនឡើង គិតតាំងពីឆ្នាំមុនមក ដោយក្រុមហ៊ុនផលិតធំៗ ជាច្រើនរបស់ពិភពលោក រួមមាន Ford Motor Co, General Motors Co, Volkswagen AG និង Tesla Inc សុទ្ធសឹងតែបានទម្លាក់នូវមហិច្ឆិតាលក់របស់ខ្លួន ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន VinFast បាននិយាយថា៖”យើងបានពន្យារពេលនៃការបើកដំណើរតំណាងចែកចាយរបស់យើង នៅក្នុងប្រទេសថៃ ដើម្បីធានាបានថាហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់យើងស្របទៅតាមស្តង់ដារសកលរបស់ VinFast” ។
ជម្រាបជូនថា កាលពីក្នុងខែមីនា ក្រុមហ៊ុន VinFast បានចុះហត្ថលេខាលើលិខិតដែលជាការចាប់ដៃគូជាមួយឈ្មួញដំបូងចំនួន ១៥ នៅក្នុងប្រទេសថៃ ជាមួយនឹងគោលដៅនៃការបើកបន្ទប់តាំងបង្ហាញចំនួន ២២ នៅក្នុងតំបន់សំខាន់ៗនៃទីក្រុងបាងកក។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ចំពោះគម្រោងនេះនៅឡើយទេ៕