ឥណ្ឌូណេស៊ី ប្រកាសផ្តល់សិទ្ធិប្រើប្រាស់ដីធ្លីរយ:ពេល ៨០ឆ្នាំ សម្រាប់វិនិយោគិន នៅរដ្ឋធានីថ្មីរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃពុធ ទី២១ ខែសីហាកន្លងទៅថា ខ្លួននឹងផ្តល់សិទ្ធិដល់វិនិយោគិន ក្នុងការកាន់កាប់អាគារ (HGB) ឬសម្បទានដីធ្លី និងសិទ្ធិប្រើប្រាស់អាជីវកម្ម (HGU) បានរហូតដល់ទៅ ៨០ឆ្នាំ នៅក្នុងរដ្ឋធានីថ្មី Nusantara​ របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹងនឹងនេះ លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូណេស៊ី បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា៖ ” យើងកំពុង​ក្រាល​កម្រាលព្រំក្រហមសម្រាប់ទទួល​ស្វាគមន៍​អ្នកវិនិយោគ។ ហើយយើងមិនចង់ឲ្យពួកគេត្រូវប្រឈមមុខនឹងដំណើរការស្មុគស្មាញណាមួយ​ក្នុងការមកវិនិយោគនៅទីនេះទេ”។

លោក Basuki បានបន្ថែមឲ្យដឹងទៀតថា ៖”យើងកំពុងសម្រួលលើដំណើរការរដ្ឋបាល ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន មកកាន់រដ្ឋធានីថ្មីរបស់យើង”។

គួរឲ្យដឹងថាប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួន ទៅកាន់ Nusantara ដែលជាទីក្រុងទើបសាងសង់ថ្មី ដោយពឹងផ្អែកលើការវិនិយោគបរទេសសម្រាប់គម្រោងតម្លៃជិត ៣០ពាន់លានដុល្លារ។

ជម្រាបជូនថា កន្លងមករដ្ឋាភិបាលកណ្តាល បានដាក់ចេញនូវផែនការលើកទឹកចិត្តផ្សេងៗ ដើម្បីទាក់ទាញការវិនិយោគ រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល ក៏ដូចជាការលើកលែងពន្ធនាំចូល និងការអនុញ្ញាតប្រើប្រាស់ដីធ្លីរយៈពេលវែង ផងដែរ៕